លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា ចាប់ពីឆ្នាំ ២០២៥តទៅ ក្រសួងមហាផ្ទៃ នឹងកំណត់ជាថ្មី នូវកម្រិតកម្ពស់បេក្ខជនទាំងពីរភេទ ដែលមានបំណងប្រឡងយកក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិ។ការអះអាងបែបនេះ គឺក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញ របស់ក្រុមការងារយុវជនខេត្តព្រៃវែង នៅរសៀលថ្ងៃទី ១៧ ខែកក្កដានេះ។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ចំពោះបេក្ខជនប្រឡងជ្រើសរើសនគរបាលជាតិ ជាបុរសត្រូវមានកម្ពស់ចាប់ពី ១.៧០ម៉ែត្រឡើងទៅ ហើយស្ត្រីត្រូវមានកម្ពស់ចាប់ពី ១.៦៥ម៉ែត្រ ឡើងទៅ។ ក្រៅពីនេះទៀត ក្រសួងមហាផ្ទៃ ក៏បានរៀបចំរួចជាស្រេចនូវលិខិតបទដ្ឋាន និងយន្តការគណៈកម្មការ ដើម្បីត្រៀមអនុវត្តការប្រឡងជ្រើសរើសមន្ត្រីនគរបាល តាមគោលការណ៍ថ្មីប្រកបដោយតម្លាភាព និងចំគោលដៅ។
ក្នុងនោះ ក៏រួមទាំងការផ្ដល់អាទិភាដល់បេក្ខជនគ្រប់លក្ខណៈសម្បត្តិ និងមានសមត្ថភាពទាំងឡាយណា ដែលមានទីលំនៅក្នុងមូលដ្ឋាន មានតម្រូវការក្របខណ្ឌនោះផ្ទាល់តែម្ដង។ ក្នុងវេទិកាដដែលនេះ លោក ស សុខា ក៏បានលើកទឹកចិត្តដល់អ្នក ដែលមានលក្ខណៈសម្បត្តិគ្រប់លក្ខខណ្ឌ ត្រៀមចូលរួមប្រឡងយកក្របខណ្ឌនគរបាលជាតិ នាពេលខាងមុខ៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងមហាផ្ទៃ