បេសកកម្មរុករកឧទ្ធម្ភាគចក្រមួយគ្រឿង និងយោធា២រូប ដែលបាត់ដានធ្លាក់ចុះក្នុងតំបន់ភូមិសាស្រ្តខេត្តពោធិ៍សាត់ អស់រយៈពេល៤ថ្ងៃហើយនៅមិនទាន់រកឃើញនៅឡើយ ខណៈមន្រ្តីជំនាញ និងអជ្ញាធរខេត្តកំពុងបន្តបេសកកម្ម។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា ប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រមួយគ្រឿង ប្រភេទ Z9 និងមានមនុស្សពីរនាក់នៅក្នុងនោះ ហើយដែលបាត់ដាននៅតំបន់ជួរភ្នំក្រវាញ បានចូលដល់ថ្ងៃទី៤ហើយ ប៉ុន្តែពុំទាន់រកឃើញនៅឡើយដោយសារតែតំបន់នោះមានភាពស្មុគស្មាញ អាកាសធាតុមិនល្អ និងព្រៃក្រាស់។
លោកបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ ប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ដំណឹង នៅតំបន់ជួរភ្នំក្រវាញពេលហ្វឹកហ្វឺន ចូលដល់ថ្ងៃទី៤ហើយ ខណៈដែលកម្លាំងចម្រុះ កំពុងបង្កើនសកម្មភាពយ៉ាងស្វិតស្វាញ និងពង្រីកវិសាលភាពប្រតិបត្តិការរុករកកាន់ធំជាងមុន។ លោកថា ប្រតិបត្តិការរុករកមិនទាន់មានតម្រុយណាមួយជាក់លាក់ ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ និងមនុស្ស២នាក់ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រនោះនៅឡើយទេ ដោយសារតែកត្តាភូមិសាស្ត្រនៅតំបន់នោះមានភាពស្មុគស្មាញ ដូចជាបញ្ហាអាកាសធាតុ និងព្រៃក្រាស់ជាដើម។
លោកបន្តថា ទោះជាយ៉ាងនេះក្តី កងកម្លាំងទាំងអស់នៅតែបន្តខិតខំ និងប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការរករុក ហើយនឹងមានការជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៌មានជាបន្តបន្ទាប់ នៅពេលទទួលបានលទ្ធផលណាមួយ។
ជម្រាបជូនថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស ក្នុងភូមិសាស្រ្តជួរភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ បើតាមក្រសួងការពារជាតិ ឧបទ្ទវហេតុបានកើតឡើងក្នុងអំឡុងពេលហោះហើរហ្វឹកហ្វឺន ដែលការហោះហើរនេះ ស្ថិតនៅក្នុងផែនការហោះហើរហ្វឹកហ្វឺនជាប្រចាំរបស់កងទ័ពជើងអាកាសនៅតំបន់នោះ៕
អត្ថបទ៖ សាង តេជៈ រូបភាព៖ បណ្តាញសង្គម