រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ថា ជនរងគ្រោះដែលបានបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រ ១គ្រឿង ក្នុងបេសកកម្មហ្វឺកហ្វឺន គឺមានចំនួនតែ២នាក់ប៉ុណ្ណោះ ពោរគឺអ្នកបើកបរ ១នាក់ និងជំនួយការបើកបរ ១នាក់។
ថ្លែងចេញពីវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ក្នុងទិវាកងរាជអាវុធហត្ថ នាព្រឹកថ្ងៃអាទិត្យនេះ លោក ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានឲ្យដឹងថា ជនរងគ្រោះដែលបានបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រ ១គ្រឿង ក្នុងបេសកកម្មហ្វឺកហ្វឺន គឺមានចំនួនតែ២នាក់ប៉ុណ្ណោះ ពោរគឺអ្នកបើកបរ ១នាក់ និងជំនួយការបើកបរ ១នាក់ មែនចំនួន៧នាក់ ដូចការផ្សព្វផ្សាយរបស់សារព័ត៌មួយចំនួនខុសពីការពិតនោះទេ។ លោកថាចំពោះករណីនេះក្រសួងការពារជាតិមិនមានអ្វីត្រូវលាក់បាំងប្រជាពលរដ្ឋនោះទេ ដូច្នេះសូមបញ្ឈប់សកម្មភាពផ្សព្វផ្សាយខុសពីការពិតដែលនាំឱ្យសាធារណជនមានការភ័ន្តច្រឡំ។
ការចេញមុខមកបញ្ជាក់របស់រដ្ឋមន្ត្រីការពារជាតិធ្វើឡើងក្រោយមានព័ត៌មានមួយចំនួនបាននាំគ្នាផ្សព្វផ្សាយចំនួនបាត់ខ្លួនមនុស្សនៅលើឧទ្ធម្ភាគចក្រ ១គ្រឿង ដែលកំពុងធ្វើប្រតិបត្តិការហ្វឹកហ្វឺនរបស់ខ្លួន នៅភូមិសាស្ត្រខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១២ ខែកក្កដាថ្មីៗ។
លោករដ្ឋមន្រ្តីថ្លែងថា ឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសកម្ពុជា គឺតែងតែចេញហោះហើរជារៀងរាល់ថ្ងៃ ដើម្បីហ្វឹកហ្វឺន ជាពិសេសដើម្បីពិនិត្យមើលបច្ចេកទេស និងឧបរកណ៍ដែលធ្វើទំនើបកម្មលើវិស័យកងទ័ពអាកាស។ បន្ថែមពីនេះទៅតាមផែនការ គឺមានការហ្វឹកហ្វឺនរយៈចម្ងាយខ្លី និងរយៈចម្ងាយវែង ជាដើម។ ហើយការហ្វឹកហ្វឺននេះ គឺមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅថ្មដា ពីថ្មដា ឆ្ពោះពោធិ៍សាត់ និងខេត្តពោធិ៍សាត់ ត្រឡប់មករាជធានីភ្នំពេញវិញ។
លោក ទៀ សីហា បានបញ្ជាក់ថា នៅក្នុងបេសកម្មហោះហើរនេះ គឺមានអ្នកបើកបរ ១នាក់ និងជំនួយការ ១នាក់ ដូច្នេះមានតែ ២រូបប៉ុណ្ណោះ ដែលបានហោះហើរទៅតាមគោលដៅដែលបានកំណត់ នៅក្នុងបេសកកម្មរបស់កងទ័ពអាកាស ជាអកុសលយើងឃើញថា ក្នុងថ្ងៃនោះមានអាកាសធាតុមិនអំណោយផល ហើយបានដាច់ការទាក់ទងគ្នា មកដល់ពេលនេះដល់ថ្ងៃទី២ ហើយ។
លោកបានបន្ថែមថា ក្រុមការងារទាំងជើងគោក និងជើងអាកាសមកពីបណ្តាកងឯកភាពពាក់ព័ន្ធកំពុងស្វះស្វែងរុករកឧទ្ធម្ភាគចក្រ ១គ្រឿង និងកងទ័ពអាកាសទាំង២រូបនេះយ៉ាងសកម្ម។
សូមជម្រាបបន្ថែមថា ឧទ្ធម្ភាគចក្រ ១គ្រឿងប្រភេទ Z-9 ត្រូវបានគេរាយការណ៍ថា បាត់ចេញពីរាដា ( ធ្លាក់) នៅតំបន់ភ្នំជួរក្រវាញ រវាងព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកោះកុង កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខណៈកំពុងធ្វើការហ្វឹកហ្វឺន៕
អត្ថបទ៖ សាង តេជៈ រូបភាព៖ លោក ទៀ សីហា