លោក ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានឲ្យដឹងថា គិតត្រឹមថ្ងៃអាទិត្យខែកក្កដានេះ រយៈពេល២ថ្ងៃដែលឧទ្ធម្ភាគចក្រមួយគ្រឿងបានបាត់បង់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស នៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និង ខេត្តកោះកុង រកមិនទាន់ឃើញនៅឡើយ។
ក្នុងពេលជាអធិបតីភាពពិធីអបអរសាទរខួបលើកទី៣១ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤) នាព្រឹកថ្ងៃអាទិត្យនេះ លោក ទៀ សីហា បានបញ្ជាក់ថា ឧបទ្ទវហេតុនេះបានកើតឡើងដោយសារអាកាសធាតុមិនអំណោយផលមានមនុស្សចំនួន ២នាក់ជាមួយឧទម្ភាគចក្រមួយគ្រឿង ហើយបណ្តាកងឯកភាពពាក់ព័ន្ធកំពុងធ្វើការរុករក ចាប់តាំងពីព្រឹកថ្ងៃទី១៣ ចំពោះលទ្ធផលមិនទាន់ប្រទះឬរកឃើញឧទ្ធម្ភាគចក្រនោះឡើយ ក្រុមការងារ និងបន្តរុករកយ៉ាងយកចិត្តទុកដាក់។
លោករដ្ឋមន្រ្តីបានឲ្យដឹងថា កងកម្លាំងជំនាញរបស់ក្រសួងការពារជាតិបានចុះរុករកដល់តំបន់ដែលបាត់ការទាក់ទង ចាប់តាំងពីព្រឹកថ្ងៃទី១៣ ក្រោមអាកាសធាតុមិនអំណោយផល និងឧបសគ្គជាច្រើនក្នុងបេសកកម្មរុករកឧទ្ធម្ភាគចក្រ។ លោកបន្តថា ចំពោះព័ត៌មានផ្សព្វផ្សាយថាបានរកឃើញមនុស្សចំនួន៧នាក់នោះគឺជាព័ត៌មានមិនពិតនោះឡើយ ហើយស្នើឲ្យបញ្ឈប់ការផ្សព្វផ្សាយរង់ចាំរដ្ឋាភិបាល និងក្រសួងការពារជាតិផ្តល់ជាដំណឹងជាបន្តបន្ទាប់។
ក្រសួងការពារជាតិបញ្ជាក់ថា នៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្រុមការងារជួយសង្រ្គោះ ដែលមានការចូលរួមពីបណ្តាកងឯកភាពពាក់ព័ន្ធក្នុងភូមិសាស្ត្របាត់បង់ ឧទ្ធម្ភាគចក្រនឹងខិតខំប្រឹងប្រែងបន្តសកម្មភាពស្វែងរកឧទ្ធម្ភាគចក្រដែលបានបាត់បង់បន្តទៀត។
អត្ថបទ៖ សាង តេជៈ រូបភាព៖ បណ្តាញសង្គម