លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ ដែលជាអ្នករសេរសៀវភៅអំពីថ្នាក់ដឹកនាំ ដ៏លេចធ្លោម្នាក់ បានប្រាប់ អ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ តាមរយៈការស្រាវជ្រាវរបស់លោក ដោយយោងទៅលើទស្សនៈវិទូុចិនស៊ុន អ៊ូ ឬស៊ុន ជឺ ដែលលើកឡើងថា សម្តេច ហ៊ុន សែន គឺជាកំពូលមេទ័ព និងជាកំពូលមនុស្សយ៉ាងពិតប្រាកដ។ តាមការកត់ត្រារបស់លោក ពៅ សុខ សម្តេច ហ៊ុន សែន បានឈ្នះលើសមរភូមិប្រយុទ្ធដោយមិនបាច់ច្បាំងចំនួន៣លើក។
លោក ពៅសុខ បានរម្លឹកថា កំពូលទស្សនវិទូចិន ស៊ុន អ៊ូ ឬស៊ុន ជឺ បាននិយាយថា អ្នកឈ្នះសង្រ្គាម ឬយកសង្រ្គាមបញ្ចប់សង្រ្គាម មិនមែនជាកំពូលមនុស្ស ឬកំពូលមេទ័ពទេ។ តែអ្នកឈ្នះ ឬបញ្ចប់សង្រ្គាម ដោយមិនបាច់ច្បាំងទើបជាកំពូលមេទ័ព ឬកំពូលមនុស្សពិតប្រាកដ។
លោក ពៅ សុខ បានបញ្ជាក់ថា ក្នុងដំណាក់កាលសម័យសង្រ្គាម៥ឆ្នាំ គឺនៅអំឡុងចុងខែមិថុនា ឆ្នាំ១៩៧០ បន្ទាប់ពីបានសិក្សាពីយុទ្ធសាស្រ្តសង្រ្គាម និងចម្បាំងបានប្រមាណជាង២សន្តាហ៍ សម្តេច ហ៊ុុ៊ុន សែន ត្រូវបានមេបញ្ជាការ បញ្ជាឱ្យដឹកនាំកម្លាំងជាង១០នាក់ឡើងទៅប្រយុទ្ធនៅសមរភូមិស្នួល ដែលជាសមរភូមិលើកដំបូង លើកទី១ក្នុងឆាកជីវិតរបស់សម្តេច។ សមរភូមិនេះសម្តេច ហ៊ុន សែន បានយកឈ្នះសត្រូវគឺកងទ័ពសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ ដោយមិនបាច់ច្បាំង ដោយមិនបាច់ប្រយុទ្ធ ព្រោះតែពួកបានសុំចុះចូលជាមួយសម្តេច នៅពេលរសៀល។ ទោះយ៉ាងណា កាលពីម៉ោង៨ព្រឹក ពេលសម្តេច ចាប់ផ្តើមចងមេក្រូ ដើម្បីនិយាយឃោសនាទៅកាន់កងទ័ពសាធារណរដ្ឋខ្មែរ មេក្រូរបស់សម្តេច ត្រូវបានគេបាញ់ឱ្យធ្លាក់ពីលើដើមកៅស៊ូ។
លោក ពៅ សុខ ឱ្យដឹងទៀតថា សមរភូមិប្រយុទ្ធទី២ ដែលសម្តេចទទួលបានជោគជ័យដោយមិនបាច់ច្បាំង ដែរនោះ គឺសមរភូមិកោះទ្រុង ស្ថិតនៅចំពីមុខទីរួមខេត្តក្រចេះបច្ចុប្បន្ន ហើយទម្រង់នៃការឈ្នះសង្រ្គាមនេះ មានសភាពដូចគ្នាគឺការសុំចុះចូលរបស់កងទ័ពសាធារណរដ្ឋខ្មែរ។
លោក ពៅ សុខ បានសង្កត់ធ្ងន់ថា រឿងដែលអស្ចារ្យចុងក្រោយបង្អស់មួយទៀតដែលមនុស្សក្នុងលោកពិបាកនឹងធ្វើបាននោះ គឺសម្តេច ហ៊ុន សែន បាបញ្ចប់សង្រ្គាមជាស្ថាពរ១០០%នៅកម្ពុជា ដោយមិនបាច់ច្បាំង ដោយគ្មានការចំណាយអាវុធសូម្បីមួយគ្រាប់ ឬការបង្ហូរឈាមសូម្បីមួយតំណក់ តាមរយៈយុទ្ធសាស្រ្តឌីហ្វីដ និងនយោបាយឈ្នះ ឈ្នះ។ លោកពៅ សុខ អះអាងថា នេះហើយ ដែលអ្នកប្រាជ្ញចិន ស៊ុន អ៊ូ ឬស៊ុន ជឺ និយាយថា ជាកំពូលមេទ័ព កំពូលមនុស្សនោះ៕