ប្រធានាធិបតីវៀតណាមលោក តូ ឡឹម ដែលទើបកាន់តំណែង នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃ ដើម្បីរឹតចំណងទ្វេភាគីបន្ថែម ចាប់ពីថ្ងៃទី ១២ ដល់ទី ១៣ ខែកក្កដា ឆ្នាំ២០២៤។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា អំឡុងទស្សនកិច្ចនៅកម្ពុជា លោក តូ ឡឹម នឹងចូលគាល់ព្រះមហាក្សត្រ និងមានជំនួបជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ក្រសួងការបរទេសបញ្ជាក់ថា៖ «ជំនួបទាំងនេះត្រូវបានរំពឹងថានឹងគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍នៃប្រទេសជាតិទាំងពីរ»។
វៀតណាម និងកម្ពុជាបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៦៧។ ពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម មានទំហំប្រមាណជា ៦.៥៨ ពាន់លានដុល្លាអាមេរិក នៅឆ្នាំ២០២៣។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
បើតាមកាសែត VNEXPRESS បច្ចុប្បន្នវៀតណាមមានគម្រោងវិនិយោគចំនួន ២០៥នៅកម្ពុជា ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ២.៩៤ ពាន់លានដុល្លារ ដែលជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងតំបន់អាស៊ាន និងក្នុងក្រុមប្រទេសចំនួន ៥ ដែលមានការវិនិយោគផ្ទាល់ច្រើនជាងគេនៅកម្ពុជា៕
អត្ថបទ៖ សាង តេជៈ រូបភាព៖ VNEXPRESS