លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបឋកថាស្តីអំពីវិស័យសុខាភិបាល និងកាលានុវត្តភាពសម្រាប់ការវិនិយោគលើវិស័យសុខាភិបាល ដើម្បីបង្ហាញទៅកាន់ក្រុមវិនិយោគបារាំង ក្នុងវេទិការធុរកិច្ចបារាំង-កម្ពុជាលើកទី២ នៅកាលពីថ្ងៃចន្ទទី៨ ខែកក្កដានេះ។
លោក ឈាង រ៉ា បានលើកឡើងថា ការវិនិយោគលើវិស័យសុខាភិបាល គឺជាគន្លឺះដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍន៍ប្រទេស ដោយសារប្រជាជនមានសុខភាពល្អ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច ការប្រកួតប្រជែង និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោកថា ការចូលរួមប្រកបដោយប្រសិទ្ធភាពពីវិស័យឯកជន នឹងជួយពង្រឹងវិស័យសុខាភិបាល ទាំងមូលចាប់ពីសេវាវេជ្ជសាស្រ្តរហូតដល់ផ្នែកដែលមិនមែនជាវេជ្ជសាស្ត្រ រួមទាំងការផ្តល់សេវាថែទាំសុខភាពប្រកបដោយភាពច្នៃប្រឌិត ការផលិតផលសុខាភិបាល ឧស្សាហកម្មឱសថ បច្ចេកវិទ្យាប្រើប្រាស់ រួមទាំងសុខភាពឌីជីថល ភស្តុភារកម្ម ការផ្លាស់ប្តូរជំនាញ រួមទាំងការបណ្តុះបណ្តាលធនធានមនុស្សជាដើម។ បើតាមលោករដ្ឋមន្រ្តី តាមរយៈការប្រមូលផ្តុំធនធាន និងជំនាញដែលមានរបស់យើងទាំងអស់គ្នា យើងអាចដោះស្រាយបញ្ហាប្រឈមសុខភាពទូទៅ បង្កើតការព្យាបាលថ្មី និងកែលម្អលទ្ធផលសុខភាពសម្រាប់ប្រជាជនរបស់យើង។
ក្នុងនាមក្រសួងសុខាភិបាលលោករដ្ឋមន្ត្រី បានបញ្ជាក់ជំហរស្វាគមន៍ និងសម្របសម្រួលរាល់សំណើវិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលនៅកម្ពុជា។
សូមបញ្ជាក់ថា តំណាងក្រសួងសុខាភិបាលទទួលជួបពិភាក្សាការងារ ជាមួយក្រុមហ៊ុន និងសមាគមអ្នកវិនិយោគផ្នែកសុខាភិបាល បារាំង ដើម្បីផ្លាស់ប្តូរនូវទស្សនៈ និងពិភាក្សាស្វែងយល់ឱកាសវិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល៕
អត្ថបទ និងរូបភាព៖ ផល កុសល