ក្នុងដំណើរទស្សនកិច្ចផ្លូវការមកកាន់ក្រុងភ្នំពេញកាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសជប៉ុន បានប្រាប់រដ្ឋមន្រ្តីការបរទេសកម្ពុជា ឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយឥតសំណងជាទឹកប្រាក់ប្រមាណ ៨ពាន់លានយ៉េនឬ ស្មើជិត២លានដុល្លារអាមេរិកឲ្យប្រទេសកម្ពុជាដើម្បីពង្រីកបណ្តាញអគ្គិសនីនៅរាជធានីភ្នំពេញ។
នៅក្នុងជំនួបជាមួយលោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានចូលរួមចំណែកកសាងសន្តិភាពនៅកម្ពុជា និងបានផ្តល់ជំនួយជាច្រើនសម្រាប់ស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
លោកស្រី ខាមីខាវ៉ា យ៉ូកុ បានបញ្ជាក់ពីការបន្តរួមចំណែកដល់ការអភិវឌ្ឍកម្ពុជា ហើយបានបន្ថែមថា រដ្ឋាភិបាលជប៉ុននឹងផ្តល់ហិរញ្ញប្បទានប្រមាណ ៨ពាន់លានយ៉េន ឬស្មើជិត ២លានដុល្លារសម្រាប់ការពង្រីកបណ្តាញអគ្គិសនីនៅរាជធានីភ្នំពេញផងដែរ។
ក្រៅពីផ្តល់ជំនួយជិត២លានដុល្លា ជប៉ុនបានរៀបចំអភិក្រមថ្មី សម្រាប់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជាដែលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងនោះមានទឹកស្អាត ប្រព័ន្ធចម្រោះទឹកកខ្វក់ ឌីជីថល និងសន្តិសុខសាយប័រ។ លោកស្រីបានគូសបញ្ជាក់ថា ជប៉ុននិងបន្តជួយលើផ្នែកទឹកស្អាតនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។
គួរឲ្យដឹងដែរថា ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលប្រទេសជប៉ុនបានផ្តល់ថវិកាជាង ៥៤លានដុល្លារអាមេរិក ដល់គម្រោងចំនួន ១៥៦ ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំ នៅកម្រិតបឋមសិក្សា វិស័សុខាយភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕
អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងការបរទេស