ដើម្បីជាការលើកកម្ពស់សោភ័ណភាពតាមដងផ្លូវ ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ អាជ្ញាធរស្រុកស្រីស្នំ ខេត្តសៀមរាប បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ អាជ្ញាធរស្រុកនឹងដាំកូនឈើឲ្យបាន ១ម៉ឺនដើម នៅក្នុងឃុំទាំង៦ ព្រមទាំងតាមបណ្តោយផ្លូវជាតិលេខ៦៨ នៃស្រុកស្រីស្នំ ដែលជាប្រភេទកូនក្ងោក និងឈើប្រណិត ។
លោក ហ៊ន់ ប្ញទ្ធិ អភិបាលស្រុកស្រីស្នំ ខេត្តសៀមរាប បានឲ្យដឹងថា រដ្ឋបាលស្រុកបានចូលរួមយុទ្ធនាការដាំកូនក្ងោកចំនួន៨០០ដើម អមតាមដងផ្លូវជាតិលេខ៦៨ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ។ នេះជាជំហានទី១នៃការដាំដើមក្ងោក ចាប់ពីព្រំប្រទល់ស្រុកក្រឡាញ់ ដល់ព្រំប្រទល់ខត្តឧត្ដរមានជ័យ ដែលមានប្រវែងប្រមាណ២០គីឡូម៉ែត្រ
នោះរដ្ឋបាលស្រុកគ្រោងស្នើរសុំដើមក្ងោក និងដើមឈើប្រណិតពីមន្ទីរបរិស្ថាន រដ្ឋបាលព្រៃឈើបន្ថែមទៀត សម្រាប់ដាំបន្តតាមបណ្ដោយផ្លូវជាតិលេខ៦៨ និងតាមបណ្ដាលសាលារៀន មន្ទីរពេទ្យ តាមដងផ្លូវ នៃឃុំទាំង៦ក្នុងស្រុកស្រីស្នំ ឲ្យគ្រប់តាមផែនការដាំ១ម៉ឺនដើម សម្រាប់ឆ្នាំ២០២៤។
លោកបន្តថា ចំពោះការដាំកូនឈើនេះដែរ គឺដើម្បីអបអរសាទរ រុក្ខទិវា ៩កក្កដា ២០២៤ ហើយក៏ជាការរួមចំណែកពីអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងការលើកកម្ពស់សោភ័ណភាពតាមដងផ្លូវក្នុងមូលដ្ឋាន ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។
ក្នុងនោះលោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋរួមសាមគ្គីគា្ន បណ្ដុះឡើងវិញនូវគំនិតស្រឡាញ់ ថែរក្សា ការពារព្រៃឈើ តាមរយៈការចូលរួមថែទាំ ស្រោចទឹក ដាក់ជីដល់កូនឈើដែលដាំនៅខាងមុខផ្ទះបងប្អូន ដើម្បីឲ្យដើមឈើទាំងអស់នេះមានការលូតលាស់ល្អ និងបន្សល់ទុកនូវដើមឈើទាំងអស់នេះ ទុកជាប្រយោជន៍រួម និងឲ្យកូនចៅជំនាន់ក្រោយៗបានស្គាល់ផងដែរ៕
អត្ថបទ៖ នារតី