ក្រសួងមហាផ្ទៃ បានរកឃើញសម្ភារៈមិនគប្បីមួយចំនួន ដែលច្បាប់មិនអនុញ្ញាតឲ្យអ្នកជាប់ឃុំប្រើប្រាស់ ដូចជា៖ អាវុធ គ្រឿងញៀន ដែកចុងស្រួច ឡាម និងសម្ភារៈមួយចំនួនទៀត។ នេះបើតាមការឲ្យដឹងពីលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក មាន ចាន់យ៉ាដា ជាអភិបាលខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី ៨ ខែកក្កដានេះ។
លោក ស សុខា បានឲ្យដឹងបន្តថា ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរបន្ទប់ឃុំឃាំង តាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទូទាំងប្រទេស ដោយរកឃើញសម្ភារៈមិនគប្បីមួយចំនួន ដែលច្បាប់មិនអនុញ្ញាតឲ្យអ្នកជាប់ឃុំប្រើប្រាស់ ដូចជា៖ អាវុធ គ្រឿងញៀន ដែកចុងស្រួច ឡាម និងសម្ភារៈមួយចំនួនទៀត។
លោកឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា ការចុះឆែកឆែរតាមបន្ទប់ឃុំឃាំងក្នុងពន្ធនាគារនេះ មានគោលដៅពង្រឹងសន្តិសុខពន្ធនាគារ ស្របតាមគោលការណ៍ច្បាប់ជាតិ និងអន្តរជាតិ ដោយមិនមែនជាការបំពានសិទ្ធិអ្នកជាប់ឃុំដូចការលើកឡើងរ បស់សង្គមស៊ីវិលមួយចំនួននោះឡើយ។
ការបញ្ជាក់បែបនេះ គឺជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់អង្គការក្រៅរដ្ឋាភិបាល និងអ្នកវិភាគមួយចំនួន ដែលបែរជាយល់ថា ចំណាត់ការរបស់ក្រសួងមហាផ្ទៃ ដើម្បីពង្រឹងសន្តិសុខក្នុងពន្ធនាគារនេ ថា ជាការបំពានសិទ្ធិអ្នកជាប់ឃុំទៅវិញ។
ក្នុងឱកាសដដែលនេះលោក ស សុខា ក៏បានផ្ដល់គោលការណ៍ណែនាំជារួម ទៅកាន់អគ្គនាយកដ្ឋានពន្ធនាគារ អភិបាលរាជធានី-ខេត្ត រួមទាំងប្រធានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែរាជធានី-ខេត្តទាំងអស់ យកចិត្តទុកដាក់ជំរុញ និងអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត លើការងារពង្រឹងសន្តិសុខក្នុងពន្ធនាគារ ជាពិសេសត្រូវត្រួតពិនិត្យឲ្យបានម៉ត់ចត់រាល់ការនាំចូលម្ហូបអាហារ និងសម្ភារៈផ្សេងៗ និងការពង្រឹងភាពស្អាតស្អំរបស់មន្រ្តីនៅខាងក្នុង៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រុមព័ត៌មានលោក ស សុខា