កម្មវិធីបកប្រែភាសាខ្មែរប្រៃយ៍ (Machine Translations for Khmer Braille) បានទទួលជ័យលាភី “Best Accessibility Award” នៅក្នុងកម្មវិធី AI for Good នៃសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក (World AI Conference) នៅសៀងហៃ ប្រទេសចិន។ នេះបើតាមការឲ្យដឹងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅព្រឹកថ្ងៃទី ៦ ខែកក្កដានេះ។
បើក្រសួងកម្មវិធីបកប្រែភាសាខ្មែរប្រៃយ៍នេះ អភិវឌ្ឍន៍ដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដោយក្រោមការសហការជាមួយវិទ្យាស្ថានជាតិអប់រំពិសេស។
ចំពោះកម្មវិធី “AI for Good” នៃសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក រៀបចំឡើងដោយសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដោយមានការចូលរួមប្រកួតប្រជែងផលិតផល ឬសេវាកម្មដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នៅក្នុងវិស័យសុខាភិបាល វិស័យកសិកម្ម វិស័យថាមពល និងវិស័យអភិបាលកិច្ច សរុបចំនួន ២១៩គម្រោង មកពីបណ្ដាប្រទេសចំនួន ៣៨។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងទៀតថា កម្មវិធីបកប្រែភាសាខ្មែរប្រៃយ៍ គឺជាបច្ចេកវិទ្យាដែលប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីបកប្រែពីភាសាខ្មែរ ទៅភាសាខ្មែរប្រៃយ៍។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងជាពិសេសដើម្បីផ្ដល់ភាពងាយស្រួលដល់គ្រូបង្រៀន ក្នុងការរៀបចំឯកសារអានជាអក្សរខ្មែរប្រៃយ៍ជូនដល់កុមារ និងសិស្សានុសិស្ស ដែលពិការភ្នែកឬខ្សោយគំហើញ ឲ្យកាន់តែបានលឿននិងមានប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍