ក្នុងជំនួប លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ជាមួយ លោក ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា បាននាំយកថវិកាបរិច្ចាគចំនួន ១ ៣៣០ ០៣៦ ៧៤៨ (មួយពាន់ បីរយសាមសិបលាន សាមសិបប្រាំមួយពាន់ ប្រាំពីររយសែសិបប្រាំបី)រៀល ឬស្មើនឹងប្រមាណ ៣៣ ម៉ឺនដុល្លារអាមេរិច ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការបរិច្ចាគនេះក៏ជាផ្នែកមួយចូលរួមគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល១ម៉ឺននាក់”ផងដែរ។ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណនិងលើកទឹកចិត្តឲ្យក្រុមហ៊ុនផ្សេងៗដែលជាសមាជិករបស់សមាគមសម័្ពន្ធខ្មែរ-ចិននៅកម្ពុជា បន្តខិតខំនិងពង្រីកការវិនិយោគឲ្យបានកាន់តែទូលំទូលាយដើម្បីការអភិវឌ្ឍទាំងក្រុមហ៊ុននិងទាំងការរួមចំណែកអភិវឌ្ឍប្រទេសផងដែរ។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសូមអំពាវនាវនិងលើកទឹកចិត្តដល់សមាជិកសមាគមសម័្ពន្ធខ្មែរ- ចិន បង្កើតយុទ្ធនាការកៀរគរថវិការបរិច្ចាគតាមលទ្ធភាពដើម្បីរួមគ្នារក្សានិរន្តភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការផ្តល់ក្តីសង្ឃឹមនិងភាពញញឹមដល់ទារកនិងកុមារនៅកម្ពុជា។
ជាមួយគ្នានេះ លោក ពុង ឃាវសែ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលដែលតែងគាំទ្រវិស័យធុរកិច្ចរបស់វិនិយោគិនចិន ដោយសន្យាថានឹងបន្តកៀរគរវិនិយោគិនពីបរទេស ជាពិសេសមកពីប្រទេសចិនឲ្យមកប្រកបរបរធុរកិច្ចនៅកម្ពុជាថែមទៀត។
បន្ថែមពីនេះ លោកក៏សន្យាថានឹងបន្តខិតខំកៀរគរថវិការបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជាសម្រាប់ឆ្នាំក្រោយៗទៀត ដើម្បីរួមគ្នារក្សានិរន្តភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។
សូមបញ្ជាក់ថា នេះជាលើកទី៤ហើយដែលសមាគមសម័្ពន្ធខ្មែរ- ចិនបានបរិច្ចាគថវិការតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដែលសរុប ចំនួន ១៥៥៤ ០០០ ដុល្លារអាមេរិច៕
អត្ថបទ៖ នារតី