នៅព្រឹកថ្ងៃច័ន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤នេះ លោក គួច ចំរើន ត្រូវចូលកាន់ដំណែងជាអភិបាលខេត្តកណ្តាលជាផ្លូវការ តាមព្រះរាជក្រឹត្យត្រាស់បង្គាប់របស់ព្រះមហាក្សត្រ។ ជាមួយគ្នានេះ នៅលើបណ្តាញសង្គមលោកបានរៀបរាប់ត្រួសៗពីបទពិសោធន៍ការងារអស់រយៈពេលជាង១០ឆ្នាំ រួមទាំងអារម្មណ៍របស់លោកផ្ទាល់ផងដែរ។
លោកបានសរសេរថា៖ “អ្នកកណ្តាល សុំផ្ញើរខ្លួននិងការងារជោគជ័យផង។ ក្នុងរយៈពេល១០ឆ្នាំខ្ញុំបានប្តូរការងារ៦កន្លែង ខណ្ឌមានជ័យ-ខណ្ឌដូនពេញ-អគ្គរដ្ឋបាល-ខេត្តកំពង់ចាម-ខេត្តព្រះសីហនុ-ខេត្តកណ្តាល។
ការងារច្រើនកន្លែង ថ្មីរហូតហត់បន្តិចមែនតែបទពិសោធន៍ច្រើន មិត្តភ័ក្រ្តក៏ច្រើន ទំនាក់ទំនងក៏ច្រើន ស្គាល់សង្គមនិងមនុស្សក៍ច្រើន។ រីករាយចំពោះការងារទាំងអស់ដែលបានបន្សល់ស្នាមញញឹម និងក្តីនឹករលឹក។”
លោក គួច ចំរើន កើតនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ១៩៧២ សញ្ជាតិខ្មែរ នៅភូមិតាពរ័លើ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ នៅឆ្នាំ១៩៩០ លោក គួច ចំរើន បានចូលរៀននៅមហាវិទ្យាលយ័បច្ចេកទេសកងទ័ព ប្រទេសវៀតណាម។ នៅឆ្នាំ១៩៩៣ បានសិក្សាបន្តនៅមហាវិទ្យាលយ័និតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ច។ នៅឆ្នាំ២០០៤ បានចូលសិក្សានៅសាកលវិទ្យាល័យនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាលសាធារណៈផងដែរ។
លោកក៏បានទទួលការបណ្តុះបណ្តាលនិងវគ្គសិក្សាខ្លីៗ កម្រិតវិញ្ញាបនបត្រ ពីអង្គការJICAលើការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន ពីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់លើផ្នែកច្បាប់ភូមិបាល ពីវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាពលើផ្នែកហ្វឹកហ្វឺនទំនាក់ទំនងអន្តរជាតិ ពីវិទ្យាស្ថានកម្ពុជាដើម្បីសិទ្ធិមនុស្សលើការងាររដ្ឋបាលសម្រាប់មន្ត្រីខេត្ត-ក្រុង ពី UNIVERSITY OF SANFRANCISCOលើច្បាប់បោះឆ្នោត ពីវិទ្យាស្ថានកម្ពុជាដើម្បីសិទ្ធិមនុស្សលើផ្នែកអភិបាលកិច្ចល្អ និងទទួលបានវិញ្ញាបនបត្រពីសាលាក្រុងភ្នំពេញលើការងាររដ្ឋបាលថែមទៀតផង៕
អត្ថបទ៖ នារតី