មន្ត្រីជាន់ខ្ពស់នគរបាលជាតិកម្ពុជា ភ្ញាក់ផ្អើលក្រោយពីអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង បានចោទប្រកាន់ដោយគ្មានការពិតថា ការបង្កើតបណ្តាញទំនាក់ទំនងសង្គម CoolApp ដោយកូនខ្មែរ គឺសម្រាប់យកការណ៍។
លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានបង្ហោះសារខ្លីមួយលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា «គ្រាន់តែប្រទេសខ្ញុំមានកម្មវិធីទំនាក់ទំនង Chat App ដែលជាស្នាដៃកូនខ្មែរដូចប្រទេសគេ មកចោទថា ប្រើសម្រាប់យកការណ៍ទៅវិញ! ចុះ Chat App នៅតាមបណ្តាប្រទេសមហាអំណាចធំៗទាំងនោះ គេប្រើសម្រាប់ធ្វើអ្វីវិញដែរ»?
នៅក្នុងសារនោះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ក៏បានបង្ហាញនូវកម្មវិធីបណ្ដាញសង្គម Chat Appមួយចំនួនផងដែរ ដែលបង្កើតឡើងដោយបណ្ដាប្រទេសនានា ដូចជា៖ Telegram, We chat, Messenger និង Viber ជាដើម។
ការលើកឡើងដោយភ្ញាក់ផ្អើល របស់មន្ត្រីជាន់ខ្ពស់នគរបាលជាតិកម្ពុជាខាងលើនេះ បន្ទាប់ពីសារព័ត៌មាន CNN ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានផ្សព្វផ្សាយអត្ថបទព័ត៌មានមួយថា «ឥឡូវនេះ កម្ពុជាមានកម្មវិធី WhatsApp ផ្ទាល់ខ្លួនហើយ។ អ្នករិះគន់បារម្ភថា វាអាចត្រូវបានប្រើប្រាស់សម្រាប់ការឃ្លាំមើល»។
នៅក្នុងអត្ថបទនេះ ពីសារព័ត៌មាន CNN បានស្រង់សម្ដីលោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ ដែលជាអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេស។ អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងទាំង ២នាក់នេះ បាននិយាយថា ការបង្កើត CoolApp គឺជាឧបករណ៍សម្រាប់ស្តាប់ការពិភាក្សារបស់អ្នកប្រើប្រាស់។
យ៉ាងណាក៏ដោយ ស្ថាបនិក CoolApp លោក លឹម ជាវុត្ថា បានបញ្ជាក់ថា ការបង្កើត CoolApp មិនតាមដាន មិនប្រមូល ឬរក្សាទុកទិន្នន័យអ្នកប្រើប្រាស់នោះឡើយ ដោយលោកអះអាងថា CoolApp ប្រើប្រាស់មុខងារ end-to-end encryption ដើម្បីធានាថាទិន្នន័យ និងការហៅចេញមានសុវត្ថិភាពបំផុត។
ស្ថាបនិករូបនេះ បានបញ្ជាក់ថា «មានតែអ្នក និងមនុស្សដែលអ្នកកំពុងទាក់ទងជាមួយតែប៉ុណ្ណោះ ដែលអាចអានសារ ឬស្តាប់សម្លេងបាន ពោលគឺគ្មានអ្នកដទៃឬជនទី៣ អាចអានឬស្តាប់កិច្ចសន្ទនានោះឡើយ សូម្បីតែក្រុមហ៊ុនផ្ទាល់ក៏មិនអាចដែរ»។
CoolApp ជាបណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារបរទេសដូច Telegram និង WhatsApp បានដាក់ឲ្យដំណើរការនៅលើ App Store និង Play Store កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៤កន្លងទៅនេះ។
CoolApp មានលក្ខណៈស្តង់ដារដូចអន្តរជាតិ ធ្វើឡើងដោយក្រុមជំនួញបច្ចេកទេសខ្មែរជាច្រើននាក់ ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា IT។ កម្មវិធីទំនាក់ទំនងឆាត CoolApp នេះបានចំណាយពេលជាង ៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ ២០២១ មកដល់ឆ្នាំ ២០២៤នេះ ដែលទើបចេញរូបរាងនៅពេលនេះ។
CoolApp មានមុខងារជាច្រើនរួមមាន Chat និង Call និង Video Call ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យ Data និង Call ស្ថិតក្នុងលក្ខណៈ Encryption និងសុវត្ថិភាពទាំងអស់ ដោយប្រើប្រាស់ប្រព័ន្ធ Internet Local (Dix) ដែលធ្វើឲ្យ Call ស្តាប់សំឡេងច្បាស់ និង Chat ផ្ញើរូបភាព វិដេអូ មានភាពរហ័ស ព្រោះ Internet មិនចេញទៅក្រៅប្រទេស៕
អត្ថបទ៖ វីរៈ រូបភាព៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា