អតីតនាយករដ្ឋមន្រ្តីសម្តេច ហ៊ុន សែន បានចេញមកបញ្ជក់សារជាថ្មីម្តងទៀតថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមកើតចេញពីមនសិការ និងឆន្ទៈរបស់កម្ពុជាសុទ្ធសាធ ដើម្បីបំរើផលប្រយោជន៍រាប់ម៉ឺនឆ្នាំរបស់កម្ពុជា ដោយមិនពឹងពាក់ប្រទេសដទៃ។
នៅគ្រប់ទិសទីដែលបានគាំទ្រពេញទំហឹងដល់គម្រោងអភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោដែលនឹងត្រូវបើកការដ្ឋានស្ថាបនានៅក្នុងពេលដ៏ខ្លីខាងមុខនេះ ក្នុងពេលថ្លែងសារក្នុងឱកាសប្រារព្ធមិទ្ទិញអបអរសាទរខួប ៧៣ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា ជាចលនាជាតិដីខ្លាំងក្លាមួយទៀតរបស់ប្រជាជនទាំងមូល ដូចទៅនឹងចលនាជាតិការពារអធិបតេយ្យ បូរណភាពទឹកដី និងចលនាជាតិការពារខឿនប្រជាជននាពេលកន្លងមក។
សម្តេចថ្លែងថា «គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមកើតចេញពីមនសិការ និងឆន្ទៈរបស់កម្ពុជាសុទ្ធសាធ ដែលនឹងផ្តល់ផលចំណេញយ៉ាងធំដល់កម្ពុជា ដូចជាការចំណេញចម្ងាយផ្លូវដឹកជញ្ជូន ចំណេញខាងការប្រកួតប្រជែងតម្លៃ បង្កើនប្រព័ន្ធស្រោចស្រព និងការរំដោះទឹកជំនន់ ជួយពង្រីកការដាំដុះនៅភាគនិរតី ទទួលបានផលនេសាទ និងពីវារីវប្បកម្ម ព្រមទាំងជំរុញដល់វិស័យទេសចរណ៍ផងដែរ»។
ជាមួយគ្នានេះដែរ បើតាមសម្តេចអតីតនាយករដ្ឋមន្រ្តី ប្រធានគណបក្សប្រជាជនកម្ពុជា ព្រែកជីកហ្វូណនតេជោ នឹងជួយឲ្យកម្ពុជាពង្រឹងនូវឯករាជ្យភាពខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក។ សម្តេចបញ្ជាក់បន្ថែមថា ព្រែកជីកនេះនឹងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងរំហូរទឹកទន្លេមេង្គឡើយ។
ទន្ទឹមនឹងនេះ សម្តេច ហ៊ុន សែន បានស្នើចំពោះរាជរដ្ឋាភិបាល ទូងស្ករ បាញ់កាំជ្រួច នៅគ្រប់ទីកន្លែងដែលអាចធ្វើទៅបាន នៅថ្ងៃទី៥ សីហា ២០២៤ ខាងមុខនេះ ជាថ្ងៃបើកការដ្ឋានដើម្បីបង្ហាញពីការគាំទ្រ លើកទឹកចិត្តនូវការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ។ សម្តេចថ្លែងអះអាងថា «គម្រោងនេះនឹងបង្កើតឪកាសសម្រាប់រាប់រយ រាប់ពាន់ រាប់ម៉ឺនឆ្នាំសម្រាប់កម្ពុជា ដើម្បីធានាថាកម្ពុជាអាចមានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្រដោយខ្លួនឯងដោយមិនចាំបាច់ឆ្លងកាត់ប្រទេសដទៃ»។
សូមបញ្ចាក់បន្ថែមថា គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែង១៨០គីឡូម៉ែត្រដែលមានចំណុចចាប់ផ្តើមពីទន្លេសាបនៃស្រុកកៀនស្វាយ ខេត្តកណ្តាល តភ្ជាប់ទៅកាន់សមុទ្រខេត្តកែប គ្រោងចំណាយប្រមាណ ១ពាន់៧រយលានដុល្លារអាម៉េរិកនេះ នឹងបើកការដ្ឋានផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ៕
អត្ថបទ៖ ផល កុសល