ក្រសួងមុខងារសាធារណៈ បានរៀបចំកិច្ចប្រជុំពិភាក្សាដើម្បីរៀបចំប្រឡងប្រជែង ជ្រើសរើសមន្រ្តីកសិកម្មឃុំចំនួន ៨០០នាក់បន្ថែមទៀត ឲ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់ពីជ្រើសរើសរួចចំនួន ២៥០នាក់ កាលពីពេលកន្លងទៅ។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី ២៦ ខែមិថុនានេះ ក្រោមអធិបតីភាពលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡង ដោយមានការចូលរួមពី តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នៅក្នុងកិច្ចប្រជុំនេះ លោក យក់ ប៊ុនណា បានរំលឹកពីការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំចំនួន ២៥០ នាក់ កាលពីកន្លងទៅ ដោយក្រសួងមុខងារសាធារណៈ បានអនុវត្តរៀបចំដំណើរការប្រឡង គឺទទួលបានសមិទ្ធផលគួរជាទីមោទនភាព ដោយបានអនុវត្តឈរលើគោលការណ៍ចម្បង របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ «គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព» និងឈរលើស្មារតី «ចេះ គឺជាប់»។
ចំណែកតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរាយការណ៍ពីវឌ្ឍនភាព នៃការប្រឡងជ្រើសរើស មន្រ្តីកសិកម្មឃុំចំនួន ២៥០នាក់កាលពីពេលកន្លងទៅ ដោយក្រសួងបានសម្រេចការងារមួយចំនួនដូចជា៖ ធ្វើការប្រកាសតែងតាំងមន្រ្តីកសិកម្មឃុំ ការរៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិស ការរៀបចំសាលាកបត្រមន្រ្តីរាជការ ការបណ្តុះបណ្តាលបន្ថែមវគ្គសិក្សាមួយចំនួន និងការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ទៅតាមប៉ុស្តិ៍រដ្ឋបាលនីមួយៗជាដើម។
បើតាមក្រសួងមុខងារសាធារណៈ កិច្ចប្រជុំបានពិភាក្សាទៅលើការរៀបចំយន្តការការងារ លើដំណើរការរៀបចំការប្រឡងប្រជែង ដើម្បីធ្វើការជូនដំណឹង និងផ្សព្វផ្សាយ និងការកំណត់មុខតំណែង គុណវុឌ្ឍិ ឯកទេសជំនាញ និងតម្រូវការមន្រ្តីជំនាញពិតប្រាកដ ដោយមានការបញ្ជាក់ច្បាស់លាស់ពីរដ្ឋបាលឃុំ និងស្រុក។ យ៉ាងណាក៏ដោយ ក្រសួង មិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទនៃការប្រឡង នៅពេលណានៅឡើយទេ៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងមុខងារសាធារណៈ