រថភ្លើង១ទឹកដែលទិញពីជប៉ុន ១១គ្រឿងបើកតេស្តសាកល្បងលើផ្លូវដែកដោយជោគជ័យ

រថភ្លើង១ទឹកដែលទិញពីជប៉ុន ១១គ្រឿងបើកតេស្តសាកល្បងលើផ្លូវដែកដោយជោគជ័យ

រថភ្លើង១ទឹកដែលក្រុមហ៊ុន រ៉ូយ៉ាល់ រេវេល របស់សេដ្ឋី គិត ម៉េង បានបញ្ជាទិញពីជប៉ុនបើកតេស្តសាកល្បងលើផ្លូវដែកកម្ពុជា ដោយជោគជ័យទាំង ១១គ្រឿង ហើយគ្រោងដាក់ដំណើរការនាពេលដ៏ខ្លីខាងមុខ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា រថភ្លើង Kiha-183 ចំនួន២ទូចុងក្រោយ ដែលទើបកែកុនរួចលើប្រព័ន្ធជើងក្រោម និងបរិក្ខារសម្រាប់ដឹកអ្នកដំណើរ បានបើកបរធ្វើតេស្តសាកល្បងលើផ្លូវដែកភាគខាងត្បូង ព្រះសីហនុ-ភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនានេះដោយជោគជ័យ បន្ទាប់ពីការតេស្តចំនួន៩គ្រឿងរួចមកហើយ។

តាមដានជាមួយយើង៖ Million Times

បើតាមក្រសួងសាធារណការ ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក បានយកចិត្តទុកដាក់ចុះពិនិត្យ តាមដានជាប្រចាំលើដំណើរការបើកតេស្តសាកល្បង បន្ទាប់ពីកែសម្រួលប្រព័ន្ធហ្វ្រាំង និងទទឹងកង់ពី ១០៦៧ មិល្លីម៉ែត្រ (ស្តង់ដារផ្លូវដែកជប៉ុន) មក១០០០មិល្លីម៉ែត្រ (ស្តង់ដារផ្លូវដែកកម្ពុជា)។

គួររំលឹកថា រថភ្លើង Kiha-183 ប្រភេទ DMU (Diesel Multiple Unit) ចំនួន ៩គ្រឿងហើយ បានបើកបរតេស្តសាកល្បងទាំងផ្លូវដែកភាគខាងត្បូង(ព្រះសីហនុ-ភ្នំពេញ) និងភាគខាងជើង(ភ្នំពេញ-មានក-ខេត្តកំពង់ឆ្នាំង) ប្រកបដោយជោគជ័យជាបន្តបន្ទាប់។ ការបើកបរធ្វើតេស្តសាកល្បងលើផ្លូវដែកភាគខាងត្បូង (ភ្នំពេញ-ព្រះសីហនុ) ក្នុងល្បឿនចន្លោះ៥០-៨០km/h និងផ្លូវដែកភាគខាងជើង (ភ្នំពេញ-មានក) ចន្លោះ

ពី៣០-៥០km/h។

ក្រសួងបានបញ្ជាក់ថា ក្រុមការងារបានពិនិត្យ និងសិក្សារួមគ្នាលើដំណើរការកែប្រព័ន្ធជើងក្រោម ទ្វារចេញ-ចូល ម៉ាស៊ីនត្រជាក់ច្រកទ្វារសុវត្ថិភាព សម្ភារបរិក្ខារ និងការងារផ្សេងៗទៀត ដើម្បីប្រាកថាមានសុវត្ថិភាពខ្ពស់សម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ៕

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងសាធារណការ