ជនល្មើសអតីតឧកញ៉ា ស្រី ស៊ីណា ដែលបានបាញ់សម្លាប់មនុស្សយ៉ាងកាចសាហាវ កាលពីកន្លងទៅនៅបុរី ប៉េង ហួត បឹងស្នោរ អាចជាប់គុក ពី២០ ឬទៅ៣០ឆ្នាំ ស្របទៅតាមច្បាប់ជាធរមាន។ នេះបើតាមការបញ្ជាក់ពីលោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។
ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៦ ខែមិថុនានេះ លោក កើត រិទ្ធ បានលើកឡើងថា ទោះបីជាទង្វើរបស់ជនល្មើស ស្រី ស៊ីណា ដែលបានបាញ់សម្លាប់មនុស្សនៅបុរី ប៉េង ហួត កាលពីកន្លងទៅមានភាពសាហាវព្រៃផ្សៃយ៉ាងណាកដោយ ក៏វិស័យយុត្តិធម៌មិនអាចធ្វើអ្វីតាមអំពើចិត្តរបស់ខ្លួនបានឡើយក្រៅតែពីការអនុវត្តច្បាប់ ដែលបានចែងជាធរមាន។ តែយ៉ាងណាក្តី ឧក្រិដ្ឋជន ស្រី ស៊ីណា មិនត្រូវបានដាក់ឈ្មោះក្នុងបញ្ជីនៃការបន្ធូរ បន្ថយទោសនោះឡើយ ដោយសារតែសកម្មភាពឃាតកម្មរបស់ជននេះជាទង្វើកាចសាហាវ។
លោកបានបញ្ជាក់អះអាងថា ជនល្មើស ស្រី ស៊ីណា ដែលបានបាញ់សម្លាប់មនុស្សយ៉ាងកាចសាហាវ កាលពីកន្លងទៅនៅបុរី ប៉េង ហួត អាចជាប់គុក ពី២០ ឬទៅ៣០ឆ្នាំ ស្របទៅតាមច្បាប់ជាធរមាន។ ទន្ទឹមនឹងនេះលោករដ្ឋមន្រ្តីបានអះអាងថា ជនល្មើស ស្រី ស៊ីណា ត្រូវតែជាប់គុកដូចអ្វីដែលតុលាការកាត់ទោស ដោយគ្មានការលើកលែងទោស ឬបន្ធូរបន្ថយទោសជាដាច់ខាត។
សូមជម្រាបថា គូរស្នេហ៍មួយគូដែលជិតឈានដល់អាពាហ៍ពិពាហ៍ទៅហើយនោះត្រូវបានអតីតឧកញ៉ា ស្រី ស៊ីណា ចូលទៅបាញ់សម្លាប់ដល់ក្នុងផ្ទះដោយសារទំនាស់បន្តិចបន្តួចរវាងអ្នកជិតខាងគ្នា។ សំណុំរឿងនេះត្រូវបានតុលាការប្រកាសថា ជនល្មើសអាចនឹងជាប់ពន្ធនាគារពី១០ ទៅ១៥ឆ្នាំ៕
អត្ថបទ៖ សាង តេជៈ