នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រសួងអប់រំ យុវជន និងកីឡា ដាក់សម្ពោធជាផ្លូវការនូវបណ្តាញសាកលវិទ្យាល័យសាយប័រ ដោយមានការចូលរួមពីគ្រឹះស្ថានឧត្ដមសិក្សានានានៅក្នុងប្រទេសកម្ពុជា ដើម្បីដោះស្រាយគម្លាតនៃការអប់រំ និងភាពបត់បែនដល់និស្សិត ស្របតាមនិន្នាការសេដ្ឋកិច្ច និងសង្គមឌីជីថល។
បណ្តាញសាកលវិទ្យាល័យសាយប័រ រួមគ្នាបង្កើតឡើងពីគ្រឹះស្ថានឧត្ដមសិក្សារដ្ឋ និងឯកជនចំនួន ១២ រួមមាន៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យស្វាយរៀង, សាកលវិទ្យាល័យជាតិបាត់ដំបង, សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ, សាកលវិទ្យាល័យភូមិន្ទកសិកម្ម, សាកលវិទ្យាល័យជាតិគ្រប់គ្រង, សាកលវិទ្យាល័យជាស៊ីមកំចាយមារ, សាកលវិទ្យាល័យក្រចេះ, វិទ្យាស្ថានគរុកោសល្យបាត់ដំបង, សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និងសាកលវិទ្យាល័យអង្គរ។
បើតាមក្រសួងអប់រំយុវជន និងកីឡា កិច្ចការសំខាន់របស់បណ្តាញសាកលវិទ្យាល័យសាយប័រ គឺរៀបចំការសិក្សា និងបង្រៀនតាមប្រព័ន្ធអនឡាញ ឬប្រព័ន្ធឌីជីថល ជាទម្រង់ (Platform) មួយសម្រាប់និស្សិតទាំងអស់អាចចូលរួមទទួលបានចំណេះដឹង និងរៀនតាមប្រព័ន្ធឌីជីថលនេះ ហើយសាកលវិទ្យាល័យដែលពាក់ព័ន្ធនឹងថតជាវីដេអូបង្រៀន និងរៀនផ្សេងទៀតដើម្បីដាក់ចូលទៅក្នុងទម្រង់ (Platform) នោះ។
ក្នុងន័យនេះ ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា មានគោលបំណង ១). បន្តនិរន្តរភាពនៃការបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងក្រោយពេលមានវិបត្តិ ២). ពង្រឹងគុណភាពនៃការបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ដោយប្រើប្រាស់នូវថ្នាលអប់រំឌីជីថលរួមគ្នា និងចែករំលែកការប្រើប្រាស់ ឱ្យអស់លទ្ធភាពនូវធនធានហេដ្ឋារចនាសម្ព័ន្ធ និងធនធានសិក្សាក្នុងចំណោមសាកលវិទ្យាល័យជាសមាជិក ៣). ផ្តល់លទ្ធភាពក្នុងការផ្ទេរឥណទានសិក្សារវាងសាកលវិទ្យាល័យជាសមាជិក និង ៤). បើកចំហធនធានសិក្សាទៅកាន់អ្នកសិក្សាក្នុងតំបន់ និងសាកលលោក។
ដើម្បីឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយក្នុងបញ្ចកោណទី៥ ផ្តោតសំខាន់លើ «បច្ចេកវិទ្យាឌីជីថល» ក៏ដូចជាការឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ហើយក្រសួងអប់រំ យុវជន និងកីឡា បាន និងកំពុងគាំទ្រយ៉ាងពេញទំហឹងដល់បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា ព្រមទាំងគោលដៅក្នុងការចងក្រងសាកលវិទ្យាល័យនានា ដើម្បីដោះស្រាយគម្លាតនៃការអប់រំ និងភាពបត់បែនដល់និស្សិត ស្របតាមនិន្នាការសេដ្ឋកិច្ច និងសង្គមឌីជីថល។
ក្នុងឱកាសចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា នៅវិសាលាតិចណូ នាព្រឹកថ្ងៃអង្គារនេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងថា ការសិក្សាអនឡាញ ជាមធ្យោបាយល្អមួយសម្រាប់ផ្តល់ការអប់រំដល់សិស្ស ការរៀនតាមអនឡាញ មិនមែនជារឿងថ្មីនោះទេ ការបង្រៀនតាមអនឡាញ ដើម្បីឆ្លើយតបនឹងតម្រូវការបណ្តុះបណ្តាលនៅក្នុងសម័យបច្ចុប្បន្ន។
សម្តេចបានមានប្រសាសន៍ថា៖ «ការរៀនតាមអនឡាញ គឺមិនមែនជារឿងថ្មីនោះទេ បើយើងមើលនៅលើសកលលោក អីឡូវនេះ គឺបានធ្វើយូរហើយអនឡាញនេះ ខ្ញុំចាំនៅដើមឆ្នាំ២០០០ មានការផ្សព្វផ្សាយរៀនអនឡាញនៅអាមេរិក ចង់បានសញ្ញាបត្រ ហើយអីឡូវបើយើងមើលនៅក្រៅប្រទេស សាកលវិទ្យាលយសឹងទាំងអស់ សុទ្ធមានការបង្រៀនតាមអនឡាញ មិនថាសាកលវិទ្យាល័យ ឬធំទេ ដូចជាសាកលវិទ្យា ហាវើដ (Harvard) សាកលវិទ្យាល័យកំពូលលើសកលលោក មានអនឡាញ»។
សម្តេចបានបញ្ជាក់ថា ការបើកបង្រៀនតាមអនឡាញ គឺដើម្បីឆ្លើយតបនឹងតម្រូវការនៃការបណ្តុះបណ្តាល ពីព្រោះការបណ្តុះបណ្តាលសម័យបច្ចុប្បន្ននេះ ត្រូវការភាពបត់បែន ហើយការបណ្តុះបណ្តាលសម័យថ្មីនេះ មិនត្រូវការអង្គុយនៅក្នុងរៀន និងចាំបាច់កំណត់ម៉ោងសិក្សានោះទេ។ សម្រាប់នៅកម្ពុជា ការបើកបង្រៀននៅតាមអនឡាញ បានធ្វើឡើងកាន់តែច្រើននៅក្នុងដំណាក់កាលរាតត្បាតជំងឺកូវវីដ១៩។
ចំពោះការសិក្សាតាមរយៈអនឡាញនេះ, សម្តេចនាយករដ្ឋមន្រ្តីបានរំលឹកថា ការសិក្សាអនឡាញនេះមានយូរមកហើយនៅកម្ពុជា ប៉ុន្តែ គ្រាន់តែខុសពីស្ថានភាពគ្នាប៉ុណ្ណោះ ពីព្រោះកាលពីជំនាន់ទសវត្ស៩០ មិនទាន់មានសេវាអ៉ីនធឺណែតគ្រប់គ្រាន់ ដូចនេះលោកគ្រូ អ្នកគ្រូ បានបង្រៀនថតវីដេអូ ផ្សាយតាមទូរទស្សន៍ ដូច្នេះមានន័យថា ការបង្រៀននេះស្រដៀងគ្នា តែគ្រាន់តែប្រើប្រាស់មធ្យោបាយផ្សេងគ្នា៕
អត្ថបទ៖ សាង តេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី