លោក ថោ ជេដ្ឋា បានលើកឡើងថា ការងារគ្រប់គ្រងអាងទន្លេជាការអនុវត្តដ៏សំខាន់មួយក្នុងការការពារធនធានទឹក ការអភិរក្ស និងការអភិវឌ្ឍប្រកបដោយចីរភាព តាមច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅកម្ពុជា ដោយធានាបាននូវអត្ថប្រយោជន៍រួមដល់ប្រព័ន្ធអេកូឡូស៊ី និងសង្គម-សេដ្ឋកិច្ច។
ក្នុងកិច្ចប្រជុំអន្តរក្រសួងលើកដំបូងរបស់សមាជិកនៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ កាលពីថ្ងៃចន្ទសប្តាហ៍នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ បានសង្កត់ធ្ងន់ថា ការងារគ្រប់គ្រងអាងទន្លេទាមទារឱ្យមានការចូលរួមពីអន្តរក្រសួង និងភាគីពាក់ព័ន្ធពីវិស័យផ្សេងៗ រួមទាំងទីភ្នាក់ងាររដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីពិភាក្សា ធ្វើផែនការ ស្វែងរកដំណោះស្រាយ និងពង្រឹងយន្តការសម្របសម្រួលធានាដល់ការអនុវត្តគោលនយោបាយ និងកម្មវិធីប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ។
សូមជម្រាបថា ផ្លូវទឹកនៅកម្ពុជាមាន សមុទ្រ ទន្លេ ស្ទឹង បឹង ព្រែក អូរ ដែលចែកចេញ ជា ៣៩អាងទន្លេ/ស្ទឹង និងមាន ៧តំបន់៖ ១- តំបន់មាត់សមុទ្រ ២-តំបន់ទន្លេបាសាក់ ៣-តំបន់ទន្លេសាប ៤-តំបនទន្លេភាគឦសាន ៥-តំបន់មេគង្គលើ ៦-តំបន់ភាគអាគ្នេយ៍ និង៧- តំបន់ដីសណ្តមេគង្គក្រោម។ អាងទន្លេទាំងអស់ត្រូវមានការគ្រប់គ្រងប្រព័ន្ធផ្លូវទឹក ដែលមានសត្តានុពលធនធានទឹកដ៏ធំធេងបម្រើលើការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងចិញ្ចឹមជីវិតរបស់សហគមន៍នៅក្នុងតំបន់។
បើតាមក្រសួងធនធានទឹក ការគ្រប់គ្រងប្រព័ន្ធផ្លូវទឹក សំដៅលើការត្រួតពិនិត្យរំហូរទឹក និងការគាំពារប្រព័ន្ធផ្លូវទឹកឱ្យមានតុល្យភាព ដើម្បីធានានូវសុខភាពផ្លូវទឹក ក្នុងគោលដៅបម្រើផលប្រយោជន៍សាធារណៈ។ សម្រាប់សុខភាពប្រព័ន្ធផ្លូវទឹកមានសារៈសំខាន់ណាស់ចំពោះបរិស្ថាន និងសុខុមាលភាពដល់ជីវិតរស់នៅរបស់មនុស្ស សត្វ និងរុក្ខជាតិ។
លើសពីនេះ ការគ្រប់គ្រងប្រព័ន្ធផ្លូវទឹកផ្តល់ជាប្រភពទឹកស្អាតសម្រាប់ប្រើប្រាស់ ជីវចម្រុះ ជលផល និងទីជម្រក សន្តិសុខស្បៀង សង្គមសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រសួងធនធានទឹក