សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់តុលាការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងបំផុត ហើយមិនត្រូវមានការអន្តរាគមន៍ណាមួយជាដាច់ខាត ចំពោះករណីអតីតឧកញ៉ា ស្រី ស៊ីណា ដែលបានបាញ់សម្លាប់មនុស្ស ២នាក់ និង ២នាក់ផ្សេងទៀត របួស។
តាមរយៈទំព័រហ្វេសប៊ុក នាព្រឹកព្រលឹមថ្ងៃទី ២៥ ខែមិថុនានេះ សម្ដេចនាយករដ្ឋមន្ត្រី បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារនៃសពលោក ទ្បុង លីសុង និងកញ្ញា ឃីន កញ្ចនា ដែលបានស្លាប់ដោយសារការបាញ់ប្រហារ កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤កន្លងទៅ។
ប្រមុខរាជរដ្ឋាភិបាល បានសរសេរបន្តថា ក្រោយពីថ្ងៃកើតហេតុ មានការជជែកវែកញែកគ្នាពាក់ព័ន្ធទៅនឹងការកាត់ទោសជនល្មើស នៅក្នុងករណីនៃការបាញ់ប្រហារនេះ ដោយមានការបង្ហាញក្តីកង្វល់ និងបារម្ភខ្លាចជនល្មើសពុំត្រូវបានផ្តន្ទាទោសឲ្យបានម៉ឺងម៉ាត់តាមផ្លូវច្បាប់ ឬអាចមានការធានាឲ្យនៅក្រៅឃុំ ដោយមិនប្រក្រតី។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់ជាអាទិភាពមួយដ៏សំខាន់ក្នុងការពង្រឹងនីតិរដ្ឋ ពិសេសការពង្រឹងការអនុវត្តច្បាប់ ដើម្បីធានាថែរក្សាសន្តិសុខសាធារណៈ និងសណ្តាប់ធ្នាប់សង្គម ក៏ដូចជាការដោះស្រាយបញ្ហានានាក្នុងសង្គម ប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ជាធរមាន ដែលក្នុងនោះក៏រួមមានការពង្រឹងទំនួលខុសត្រូវចំពោះមុខច្បាប់របស់ជនល្មើស និងការអនុវត្តច្បាប់តឹងរ៉ឹងលើជនប្រព្រឹត្តបទល្មើស ជាពិសេសជនដែលបង្កឲ្យបាត់បង់អាយុជីវិតអ្នកដទៃ។
បើតាមប្រមុខរាជរដ្ឋាភិបាល កន្លងទៅ ក៏មានការចាត់វិធានការយ៉ាងតឹងរ៉ឹងលើជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលស្ថិតក្នុងស្ថានភាពស្រវឹង និងបង្កឲ្យបាត់បង់អាយុជីវិតអ្នកដទៃដោយបានអនុវត្តច្បាប់ គ្មានការយោគយល់ គ្មានការលើកលែង ឬអន្តរាគមន៍ណាមួយទ្បើយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចំពោះករណីឃាតកម្មនេះ បើទោះបីជារាជរដ្ឋាភិបាល មិនអាចលូកដៃចូលក្នុងកិច្ចការរបស់ស្ថាប័នតុលាការក៏ដោយ ក៏សម្ដេចបានអំពាវនាវឲ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ក្នុងការពិនិត្យនិងអនុវត្តច្បាប់លើករណីនេះ ឲ្យបានម៉ត់ចត់, ឲ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ និងឲ្យបានត្រឹមត្រូវទៅតាមច្បាប់ជាធរមាន ដើម្បីស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ និងក្រុមគ្រួសារ ដោយគ្មានការអន្តរាគមន៍ណាមួយជាដាច់ខាត។
បន្ថែមលើនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានបង្ហាញនូវសុទ្ធចិត្តវែកញែកក្នុងរឿងនេះ ហើយក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីទុកកិច្ចការនេះជូនស្ថាប័នអនុវត្តច្បាប់ដែលមានសមត្ថកិច្ចដើម្បីចាត់ការ និងដោះស្រាយករណីនេះ ឲ្យបានត្រឹមត្រូវ និងយុត្តិធម៌ ទៅតាមនីតិវិធី និង ច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។ សម្ដេច ក៏បានស្នើឲ្យប្រជាពលរដ្ឋមានការជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជាក្នុងការចាត់ការ និងដោះស្រាយផ្តល់យុត្តិធម៌ឲ្យបានត្រឹមត្រូវចំពោះករណីនេះ។
សម្ដេចនាយករដ្ឋមន្ត្រី ក៏បានរំលឹកថា នៅពេលត្រឡប់មកដល់កម្ពុជាវិញ បន្ទាប់ពីបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសសុង្ហបុរី សម្ដេចបានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ ដើម្បីបញ្ចប់គោរមងារឧកញ៉ារបស់លោក ស្រី ស៊ីណា កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤។
លើសពីនេះទៀត សម្ដេច ក៏បានចេញបទបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការស្រាវជ្រាវករណីនេះឲ្យបានច្បាស់លាស់ ក៏ដូចជាប្រគល់ភារកិច្ចជូនលោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បន្តតាមដានដោយយកចិត្តទុកដាក់លើការអនុវត្តច្បាប់ចំពោះករណីនេះ ដើម្បីធានាថា ច្បាប់ត្រូវបានអនុវត្តដោយតឹងរ៉ឹង ម៉ឺងម៉ាត់ និង ដោយត្រឹមត្រូវទៅតាមខ្លឹមសារនៃច្បាប់ ក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងក្រុមគ្រួសារ៕
អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម