ស្ថាប័នជំនាញ បានបញ្ជាក់ថា នៅកម្ពុជា មិនមានការលក់ផលិតផលម្ស៉ៅទឹកដោះគោក្លែងក្លាយម៉ាក Sica និងម៉ាក HIUP នោះទេ។ ការបញ្ជាក់នេះ បន្ទាប់ពីមានប្រព័ន្ធផ្សព្វផ្សាយ បានផ្សាយអំពីផលិតផល ម្សៅទឹកដោះគោក្លែងក្លាយម៉ាក Sica និងម៉ាក HIUP និងផលិតផលអាហារបំប៉នជាច្រើនផ្សេងទៀត ដែលបានរត់ពន្ធពីប្រទេសវៀតណាមចូលទៅប្រទេសថៃ ហើយត្រូវបានអាជ្ញាធរមានសមត្ថកិច្ចថៃ បានរកឃើញ និងចាប់រឹបអូសបាន។
ការរកឃើញនេះ គឺមានគេហទំព័រមួយ ដែលបានផ្សាយពណិជ្ជកម្មដោយ អះអាងគួរឲ្យសង្ស័យអំពីផលិតផលម្សៅទឹកដោះគោបង្ហាញពីអត្ថប្រយោជន៍ហួសហេតុ និងបានណែនាំថា ផលិតផលទាំងនោះ គឺលក់ដាច់ជាងគេលេខ ១ នៅក្នុងប្រទេសណូវ៉ែលហ្សេឡង់ ហើយត្រូវបានចែករំលែកយ៉ាងច្រើន។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម បានឲ្យដឹងនៅថ្ងៃទី ២២ ខែមិថុនានេះថា ក្រោយពីបានទទួលការណែនាំពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ពាក់ព័ន្ធនឹងព័ត៌មាននេះ អគ្គនាយកដ្ឋាន បានស្រាវជ្រាវលម្អិតបន្ថែមលើខ្លឹមសារដែលបានកើតឡើង និងបានចាត់វិធានការអង្កេតទីផ្សារ គោលដៅ ម៉ាត ផ្សារទំនើប និងទីតាំងលក់ម្សៅទឹកដោះគោ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤ ដើម្បីស្វែងរកផលិតផលជាមុខសញ្ញា តាមដានដូចក្នុងព័ត៌មានដែលបានផ្សព្វផ្សាយ។
តែយ៉ាងណាក៏ដោយ ជាលទ្ធផលនៃការចុះអង្កេតបឋម គឺមន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. មិនបានរកឃើញវត្តមាន នៃផលិតផលជាមុខសញ្ញាតាមដានដូច ក្នុងព័ត៌មានដែលបានផ្សព្វផ្សាយនោះទេ។
អគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការ នៃក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការជាតិការពារ អ្នកប្រើប្រាស់ នឹងបន្តតាមដានលើករណីនេះយ៉ាងយកចិត្តទុកដាក់ ដើម្បីការពារសុខភាពប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់។
ស្ថាប័នជំនាញមួយនេះ ក៏បានអំពាវនាវដល់សាធារណជនទាំងអស់ ពិសេសមាតាបិតា ឬអាណាព្យាបាល ដែលតែងតែទិញផលិតផលម្សៅទឹកដោះគោ និងផលិតផលអាហារបំប៉ននានា ប្រសិនបើបានជួបប្រទះលើផលិតផលជា មុខសញ្ញាតាមដានទាំងនេះ សូមមេត្តាផ្តល់កិច្ចសហការ ឬផ្តល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប.៕
អត្ថបទ៖ វីរៈ រូបភាព៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់