ធនាគារពិភពលោក កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានអនុម័តការវិនិយោគថ្មីមួយទៀតក្រោមជំនួយឥណទានចំនួន ១៤៥ លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជា ដែលគេរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ១១៣ ០០០នាក់។
តាមរយៈគម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា (Cambodia Water Security Improvement Project) ធនាគារពិភពលោក រំពឹងថា នឹងធ្វើឱ្យសន្តិសុខទឹកកាន់តែមានភាពប្រសើរឡើង ជួយបង្កើនផលិតភាពកសិកម្ម និងកសាងភាពធន់ទៅនឹងហានិភ័យអាកាសធាតុ។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា លើកឡើងថា៖ “គម្រោង នេះនឹងជួយប្រទេសកម្ពុជាឱ្យមានសន្តិសុខទឹកប្រកបដោយចីរភាព និងសម្រេចបានផលិតភាពកសិកម្មកាន់តែច្រើន”។ លោកស្រីបន្តថាការវិនិយោគនៅពេលនេះទៅលើភាពធន់ទៅនឹងអាកាសធាតុ, ការធ្វើផែនការ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរឡើង មិនត្រឹមតែអាចឆ្លើយតបបានភ្លាមៗទៅនឹងតម្រូវការទឹករបស់កសិករ និងគ្រួសារកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការផ្តល់សេវាទឹករយៈពេលវែង ផងដែរ។
ធនាគារពិភពលោក បានគូសបញ្ជាក់ថា ទោះបីជាប្រទេសកម្ពុជាមានប្រភពទឹកច្រើនក៏ដោយ ភាពខុសគ្នានៃការធ្លាក់ភ្លៀងតាមរដូវ និងតាមតំបន់នៅក្នុងប្រទេស បានបង្កបញ្ហាប្រឈមជាច្រើនដល់ការផ្គត់ផ្គង់ទឹកនៅក្នុងទីក្រុង និងនៅតាមទីជនបទ។ ព្យាករណ៍អាកាសធាតុបានឱ្យដឹងថា ទឹកជំនន់ និងភាពគ្រោះរាំងស្ងួត នឹងមានកាន់តែញឹកញាប់ និងសភាពកាន់តែធ្ងន់ធ្ងរ ដែលដាក់សម្ពាធកាន់តែខ្លាំងទៅលើសមត្ថភាពរបស់ប្រទេស ក្នុងការគ្រប់គ្រងធនធានទឹកសាបរបស់ខ្លួន។ បញ្ហានេះនឹងជះឥទ្ធិពលទៅលើផលិតកម្មស្បៀង និងកំណើនសេដ្ឋកិច្ច។
បើតាមធនាគារពិភពលោក គម្រោងនេះនឹងត្រូវអនុវត្តក្នុងរយៈពេលប្រាំឆ្នាំ ដោយក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ គម្រោងនឹងពង្រឹងការគ្រប់គ្រងធនធានទឹក តាមរយៈការពង្រីកស្ថានីយជលសាស្ត្រ, ការធ្វើបច្ចុប្បន្នភាពគោលនយោបាយ និងបទប្បញ្ញត្តិ, ការរៀបចំផែនការគ្រប់គ្រងអាងទន្លេដែលមានព័ត៌មានអំពីអាកាសធាតុ និងការពង្រឹងការបំពេញមុខងាររបស់អាជ្ញាធរទឹកថ្នាក់ជាតិ និងថ្នាក់ខេត្ត៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ លោក ថោ ជេដ្ឋា