សមាគមឧកញ៉ាកម្ពុជា ប្រគល់ «ពានមាសឧកញ៉ា» ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ។ ពិធីធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងឱកាសលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានសមាគមនាំយកថវិកាសរុបចំនួន ១.៥៥៥.៥៥៥ ដុល្លារអាម៉េរិក មកជូនកាកបាទក្រហមកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់កាកបាទក្រហមកម្ពុជា បានបញ្ជាក់ថា ពានមាសឧកញ៉ាដែលជាពានដ៏វិចិត្រល្អឯក និងមានអត្ថន័យយ៉ាងធំធេងសម្រាប់សមាគមសក្តិសមទៅនឹងបាវចនា សីលធម៌ មនុស្សធម៌ អភិវឌ្ឍន៍ សេដ្ឋកិច្ច។
សម្តេច ប៊ុន រ៉ានី ហ៊ុនសែន បានវាយតម្លៃខ្ពស់ចំពោះការផ្តួចផ្តើមគំនិតបង្កើតសមាគមឧកញ៉ាកម្ពុជានេះឡើង ដោយមានលក្ខន្តិកៈ មានបទបញ្ជាផ្ទៃក្នុង និងមានឯកសណ្ឋានប្រកបដោយកិត្តិយស បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ បានសម្ពោធ និងមានព្រះរាជក្រឹត្យ ទទួលស្គាល់ជាផ្លូវការថា សមាគមឧកញ៉ាកម្ពុជា គឺជាដៃគូដ៏សកម្មរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញ លើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ព្រមទាំងសកម្មភាពផ្សេងៗទៀតដើម្បីប្រយោជន៍ដល់សង្គមជាតិ។
សម្តេចគូសបញ្ជាក់ថា តាមរយៈសកម្មភាពដ៏រស់រវើករបស់សមាគម គឺជាសក្ខីភាពនៃការខិតខំប្រឹងប្រែងរបស់សមាគម ក្នុងការជំរុញកំណើនសេដ្ឋកិច្ច កំណើនការងារ ពាណិជ្ជកម្ម និងការវិនិយោគ។ ជាមួយគ្នានេះ ឧកញ៉ា តែងតែបានដើរតួនាទីយ៉ាងសំខាន់ក្នុងវប្បធម៌ចែករំលែកដើម្បីសេចក្តីសុខរបស់ប្រជាជន តាមរយៈ ព្រះមហាក្សត្រ, រាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ក្នុងនោះបានចូលរួមកសាងនូវសមិទ្ធផលជាច្រើនបម្រើឱ្យសង្គមជាតិ, ចូលរួមជួយក្នុងពេលមានគ្រោះមហន្តរាយទឹកជំនន់ រាំងស្ងួត, យុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងក្នុងឧបទ្ទវហេតុផ្សេងៗ។
សូមជម្រាបជូនថា ក្នុងឱកាសសម្ពោធជាផ្លូវការសមាគមឧកញ៉ាកម្ពុជា កាលពីឆ្នាំ២០២៣កន្លងទៅ អ្នកឧកញ៉ា លី យ៉ុងផាត់ បានប្រគល់ពានកិត្តិយសខ្ពស់បំផុតរបស់សមាគមជូនសម្តេច ហ៊ុន សែន ក្នុងនាមជាប្រធានកិត្តិយសនៃសមាគមឧកញ៉ាកម្ពុជាផងដែរ៕