អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានដាក់ឲ្យប្រើប្រាស់សាកល្បងនូវសេវាផ្តល់លិខិតឆ្លងដែន តាមប្រព័ន្ធអនឡាញ (Online) ចាប់ពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤តទៅ។
សេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ដើម្បីកាត់បន្ថយពេលវេលារង់ចាំរបស់ប្រជាពលរដ្ឋ នៅទីតាំងផ្តល់លិខិតឆ្លងដែន អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម នឹងដាក់ឱ្យប្រើប្រាស់សាកល្បងនូវសេវាផ្តល់លិខិតឆ្លងដែន តាមប្រព័ន្ធអនឡាញ (Online) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ប្រជាពលរដ្ឋអាចចូលទៅកាន់គេហទំព័រសេវាអត្តសញ្ញាណកម្ម https://online.gdi.gov.kh/login ដើម្បីបំពេញបែបបទ។ បន្ទាប់ពីបំពេញបែបបទតាមប្រព័ន្ធអនឡាញរួច សាមីខ្លួនត្រូវអញ្ជើញទៅកាន់ទីស្នាក់ការ ឬសាខាលិខិតឆ្លងដែនណាមួយតាមការកំណត់ ដើម្បីសម្ភាស ថតរូប ផ្តិតខ្មៅដៃ និងបង់សេវារដ្ឋបាល ដោយភ្ជាប់ជាមួយនូវពាក្យស្នើសុំ និងឯកសារយោង។
ក្រសួងមហាផ្ទៃ បានឲ្យដឹងបន្តថា ចំពោះប្រជាពលរដ្ឋមានជំងឺធ្ងន់ ឬចាស់ជរា ឬពិការភាព ដែលពុំអាចធ្វើដំណើរទៅកាន់ទីតាំងផ្តល់ សេវាដោយផ្ទាល់បាន សមាជិកគ្រួសារ ឬតំណាងអាចដាក់ពាក្យស្នើសុំទៅកាន់ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ដោយភ្ជាប់ជាមួយនូវសំបុត្របញ្ជាក់ពីពេទ្យ ឬរូបថតអំពីស្ថានភាពនៃអ្នកជំងឺ ឬស្ថានភាពអ្នកស្នើសុំ។ ករណីនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងពិនិត្យចាត់ក្រុមការងារចុះផ្តល់សេវាដល់ទីតាំង របស់សាមីខ្លួនដោយពុំគិតកម្រៃសេវាបន្ថែម សម្រាប់ទីតាំងនៅក្នុងរាជធានីភ្នំពេញ។
បើតាមក្រសួងមហាផ្ទៃដដែល សម្រាប់ប្រជាពលរដ្ឋ ដែលមានការងារមមាញឹកខ្លាំងនៅថ្ងៃធ្វើការ អាចអញ្ជើញទៅកាន់ទីស្នាក់ការផ្តល់លិខិតឆ្លងដែននៅ ផ្សារទំនើបអ៊ីអន២ សែនសុខ នៅថ្ងៃចុងសប្តាហ៍ (ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ) ដើម្បីទទួលសេវាកម្មយកនេះ៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងមហាផ្ទៃ