ករណីជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលមានគោរមងារជា “ឧកញ៉ា” បានប្រព្រឹត្តបទល្មើសឃាតកម្មនៅបុរី ប៉េងហួតបឹងស្នោរ ខណ្ឌច្បារអំពៅ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនាម្សិលមិញ បណ្តាលឲ្យជនរងគ្រោះចំនួន ២ស្លាប់និងម្នាក់ទៀតរងរបួស គឺមានគោងារឧកញ៉ាពិតមែន ហើយសមាគមនឹងស្នើសុំបញ្ចប់គោរមងារឧកញ៉ាពេលដ៏ខ្លីខាងមុខ។
សេចក្តីប្រកាសព័ត៌មានរបស់សមាគមឧកញ៉ាកម្ពុជានៅព្រឹកថ្ងៃអង្គារនេះ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ស្រី ស៊ីណា មិនមែនជាសមាជិករបស់សមាគមឧកញ៉ាកម្ពុជាឡើយ ហើយក្នុងនាមជាស្ថាប័នតំណាងគោរមវន្តទាំងអស់នៅកម្ពុជា សមាគមឧកញ៉ាកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ដើម្បីធានាពីកេរ្តិ៍ឈ្មោះ កិត្តិយស កិត្យានុភាព ឧត្តមភាព និងសេចក្តីថ្លៃថ្នូរ នៃគោរមងារឧកញ៉ា។
ជាមួយគ្នានេះសមាគមឧកញ៉ាកម្ពុជាបានអះអាងថា ខ្លួននឹងបន្តចាត់វិធានការគ្រប់បែបយ៉ាងព្រមទាំងស្នើសុំបញ្ចប់គោរមងារឧកញ៉ាពីជនសង្ស័យឈ្មោះ ស្រី ស៊ីណា ក្នុងពេលដ៏ខ្លីខាងមុខនេះស្របតាម មាត្រា១៩, មាត្រា២២, និង មាត្រា២៣ នៃព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ា។
បើតាមការបញ្ជាក់របស់ស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងករណីផ្ទុះអាវុធបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសក្នុងបុរី ប៉េងហួតបឹងស្នោ ខណ្ឌច្បារអំពៅចំនួន០៣នាក់។ ក្នុងហេតុការណ៍បណ្តាលឲ្យជនរងគ្រោះ២នាក់ជាគូរដណ្តឹងជិតរៀបការបានស្លាប់និងបុរសម្នាក់ទៀតរងរបួស។ ជនសង្ស័យឃាតករបន្ទាប់មកត្រូវបានចាប់ខ្លួន ក្រោយបើករថយន្តរត់គេចដល់ស្រុកអង្គស្នួល ខេត្តកណ្តាល។
ស្នងការនគរបាលរាជធានីភ្នំពេញបញ្ជាក់បន្ថែមថា ករណីអំពើឃាតកម្មនេះបើតាមការសន្និដ្ឋានបឋមគឺដោយសាររឿងទំនាស់រវាងអ្នកជិតខាងនឹងគ្នា៕
អត្ថបទ៖ សាង តេជៈ រូបភាព៖ បណ្តាញសង្គម