រមណីយដ្ឋានភ្នំសំពៅ មានទីតាំងស្ថិតនៅភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។ មានចម្ងាយ១៣ គីឡូម៉ែត្រ គិតពីសាសាខេត្តបាត់ដំបង ដោយធ្វើដំណើរឆ្ពោះទៅទិសខាងលិចតាមផ្លូវជាតិលេខ ៥៧ (អតីតផ្លូវជាតិលេខ១០) ។
យោងតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ភ្នំសំពៅចាត់ទុកជារមណីយដ្ឋានទេសចរណ៍ដ៍ទាក់ទាញបំផុតក្នុងខេត្តបាត់ដំបង ដោយសារតែនៅទីតាំងរមណីយដ្ឋានទាំងមូល ប្រមូលផ្តុំដោយសក្តានុពលទេសចរណ៍ធំៗចំនួនបី៖
១. សក្តានុពលទេសចរណ៍ធម្មជាតិ
ភ្នំសំពៅមានកំពស់ប្រមាណជា ១០០ ម៉ែត្រ បើមើលពីចម្ងាយភ្នំនេះមានរូបរាងស្រដៀងទៅនឹងសំពៅ។ លើភ្នំទាំងមូលមានល្អាងតូចធំរហូតដល់១២ល្អាង ប៉ុន្តែមានតែបីល្អាងប៉ុណ្ណោះដែលអាចទស្សនាបាន។ ឈ្មោះភ្នំនិងល្អាងមួយចំនួនក៍មានប្រវត្តិគួរឱ្យចាប់អារម្មណ៍ពាក់ព័ន្ធនឹងរឿងព្រេងនិទានខ្មែរ (រឿងព្រះចៅរាជថ្កុល នាងរំសាយសក់) និងត្រូវបានរៀបរាប់ក្នុងបទចំរៀងជាច្រើនបទ (បទជើងភ្នំសំពៅ បាចផ្កាម្រះព្រៅ….) ដែលច្រៀងដោយអ្នកចំរៀងដ៍ល្បីនាសម័យដើមផងដែរ។ នៅពេលឡើងដល់កំពូលភ្នំ ទេសចរអាចមើលឃើញទេសភាពវាលស្រែ ចំការដំណាំ ចង្កោមភ្នំនានា ទិដ្ឋភាពទីក្រុងបាត់ដំបង ដោយស្រូបយកខ្យល់អាកាសត្រជាក់បរិសុទ្ធនិងមើលថ្ងៃលិចយ៉ាងស្រស់ស្អាតទៀតផង។
២. សក្តានុពលទេសចរណ៍ប្រវត្តិសាស្រ្ត
ទីតាំងភ្នំសំពៅ គឺជាសមរភូមិប្រយុទ្ធដ៍ក្តៅគគុកក្នុងសម័យសង្រ្គាមជាពិសេស របបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)។ បើឡើងភ្នំតាមផ្លូវបេតុងប្រហែលជាពាក់កណ្តាលផ្លូវមានផ្លូវមួយបត់ឆ្វេងនឹងទៅដល់វត្តមួយឈ្មោះ វត្តគិរីរម្យ នៅខាងស្តាំនៃព្រះវិហារនឹងឃើញមានផ្លូវឆ្ពោះទៅកាន់ល្អាងល្ខោន រឺល្អាងក្បាលខ្មោច (Killing Cave)។ បើតាមសង្ឃដីកាព្រះតេជគុណ យ៉ាន ផុន ព្រះជន្ម៧០ វស្សា គង់នៅក្នុងល្អាងក្បាលខ្មោចនេះមានសង្ឃដីកាថា ល្អាងនេះក្នុងសម័យខ្មែរក្រហម គេយកមនុស្សដែលពួកខ្មែរក្រហមយល់ថាធ្វើខុសក្រមសីលធម៌ឫក្បត់អង្គការយកមកសម្លាប់យ៉ាងច្រើនដោយវ៉ៃទម្លាក់ចូលក្នុងល្អាងនេះ។ បច្ចុប្បន្ន ឆ្អឹងខ្មោចនិងលលាក្បាលទាំងនោះត្រូវបានរក្សាទុកក្នុងចេតិយមួយទុកជាប្រវត្តិសាស្រ្តដល់មនុស្សជំនាន់ក្រោយ ពិសេសភ្ញៀវទេសចរមកកម្សាន្តស្វែងយល់ពីរឿងអតីតកាលរបស់ប្រជាជនកម្ពុជា។
៣. សក្តានុពលទេសចរណ៍សាសនា
រមណីយដ្ឋានភ្នំសំពៅក៍ជាទីបូជនីយដ្ឋានមួយផងដែរសម្រាប់ពុទ្ធសាសនិកជន ដែលមកពីទីជិតឆ្ងាយមកគោរពបូជានិងធ្វើពិធីកម្មសាសនាផ្សេងៗ។ នៅបរិវេណរមណីយដ្ឋានមាន វត្តចំនួនពីរ គឺ៖ វត្តមួយនៅលើភ្នំឈ្មោះ វត្តគិរីរម្យ និងវត្តមួយទៀតនៅជើងភ្នំ ឈ្មោះ វត្តសុវណ្ណគិរីភេត្រារាមហៅវត្តភ្នំសំពៅ។ នៅជើងភ្នំក្បែរល្អាងប្រចៀវ មានចម្លាក់ពុទ្ធបដិមាធំបីនិយាយពីព្រះពុទ្ធទ្រង់ប្រសូត្រ ព្រះពុទ្ធ ត្រាស់ដឹង និងព្រះពុទ្ធចូលបរិនិពា្វន ។ ចំណែកនៅលើភ្នំវិញ មានរូបសំណាកតូចធំនិយាយពីពុទ្ធសាសនា និងព្រហ្មញ្ញសាសនាផងដែរមានប្រាង្គពណ៌មាស (Golden Stupa) នៅលើកំពូលភ្នំយ៉ាងស្រស់ស្អាតនៅបរិវេណវត្តនៅជើងភ្នំ មានកុដិបុរាណមួយផងដែរ ។
អ្វីដែលពិសេសជាងគេដែលចាត់ទុកជាមេដែកស្រូបទាញទេសចរអោយមកលេងនៅរមណីយដ្ឋានភ្នំសំពៅ គឺវ៉ូងសត្វប្រចៀវរាប់លានក្បាលដែលហើរចេញពីល្អាងមួយស្ថិតនៅជើងភ្នំជារៀងរាល់ល្ងាចនៅម៉ោងប្រមាណ ៦៖២៥ នាទីល្ងាចហើយខែខ្លះអាចចេញលឿនត្រឹម ៥: ៣០ នាទី ។
បច្ចុប្បន្ន មានប្រជាជនមូលដ្ឋានជាច្រើនកំពុងទទួលបានផល់ប្រយោជន៍សេដ្ឋកិច្ចតាមរយៈការផ្តល់សេវាដឹកភ្ញៀវ មគ្គុទ្ទេសក៍ និងអ្នកលក់ដូរម្ហូបអាហារភេសជ្ជៈ នៅរមណីដ្ឋានភ្នំសំពៅនេះ ៕
អត្ថបទ៖ នារតី