ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៤ ខែមិថុនាបានរៀបចំកិច្ចប្រជុំ Mission Kick-off meeting & interim reporting on ESIA ស្ដីពី ផលប៉ះពាល់បរិស្ថាន និងសង្គមនៃគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្នំពេញ-អរិយក្សត្រ។
កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អង្គភាពគ្រប់គ្រងគម្រោង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងធនាគារ EDCF នៃប្រទេសកូរ៉េខាងត្បូង ក្រុមហ៊ុនទីប្រឹក្សា YOOSHIN និងមន្ត្រីជំនាញពាក់ព័ន្ធ។
បើតាមក្រសួងសាធារណការកិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យពិភាក្សាលើការសិក្សាវាយតម្លៃពីផលប៉ះពាល់បរិស្ថាន និងសង្គម (ESIA) ក្នុងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងឈានដល់ការឯកភាពលើរបាយការណ៍ទាំងមូល ដើម្បីអាចបន្តនីតិវិធីអនុវត្តគម្រោង និងដែលធានាដល់ផលប្រយោជន៍រួមទាំងបរិស្ថាន សេដ្ឋកិច្ច និងសង្គម នៃគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នាពេលអនាគត។
ក្នុងជំនួបជាមួយសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី ៦ ខែមិថុនាកន្លងទៅ លោក ផាក ជុងវុក ឯកអគ្គរដ្ឋកូរ៉េខាងត្បូងប្រចាំកម្ពុជា បានបញ្ជាក់ថា គណៈកម្មាធិការចម្រុះ CKFTA បានរៀបចំកិច្ចប្រជុំលើកទី ១ ដោយជោគជ័យ និងបានពិនិត្យគម្រោងនានា ដែលក្នុងនោះក៏មានគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលជាគម្រោងស្នើដោយសម្តេចផ្ទាល់កាលពីឆ្នាំ២០២២។
លោកទូតកូរ៉េខាងត្បូងបញ្ជាក់ថា លោកតែងតែតាមដានដំណើរការនេះយ៉ាង យកចិត្តទុកដាក់ និងបានលើកឡើងថា ការរៀបចំសាងសង់ស្ពាននេះ មានដំណើរការទៅរលូន ហើយនឹងចុះបឋមសិលាចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០២៥ខាងមុខនេះ។
នៅក្នុងជំនួបនេះដែរ សម្តេច ហ៊ុន សែន បានបង្ហាញក្ដីសង្ឃឹមថា សម្តេច នឹងបានឃើញដោយផ្ទាល់ភ្នែកក្នុងពេលឆាប់ៗខាងមុខ នូវស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេពីរនេះ ដែលសម្តេចជាអ្នកស្នើឡើងដោយផ្ទាល់។
បញ្ជាក់ផងដែរថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ តម្លៃជាង ២៤៥លានដុល្លារ ត្រូវបានចុះហត្ថលេខាជាផ្លូវការរវាង រដ្ឋាភិបាលនៃប្រទេសទាំងពីរ កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២កន្លងទៅនេះ។ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងសាងសង់ឡើងនៅលើទីតាំងចេញពីផ្សាររាត្រី ស្ថិតនៅក្បែរផ្សារចាស់ ក្នុងខណ្ឌដូនពេញ ហើយភ្ជាប់ទៅដីជ្រោយចង្វារ ក្បែរសណ្ឋាគារសុខា រួចទើបសង់បន្តឆ្លងទន្លេមេគង្គ ឆ្ពោះទៅកាន់ឃុំអរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងសាធារណការ