ថ្មីៗនេះ លោកស្រី នួន សុន្ទរី ហៅស្រីអូន បានបង្ហោះសារលើបណ្តាញសង្គមផ្ទាល់ខ្លួនដោយស្នើសុំឲ្យធនាគារ ABA របស់ប្រទេសកាដាណានៅកម្ពុជាផ្ទេរប្រាក់មកកាន់គណនីរបស់លោកស្រី ខណៈលោកស្រីបានអះអាងថា តុលាការបានចេញសាលក្រមសម្រេចជាស្ថាពរឲ្យលោកស្រីមានសិទ្ធគ្របគ្រង និងចាត់ចែងលេីទ្រព្យក្នុងកុងធនាគាររបស់អតីតស្វាមី គឺលោក ឈាង រ័ត្ន ដែលបានទទួលមរណភាព។
នៅថ្ងៃទី១៣ ខែមិថុនានេះ ធនាគារ ABA ចេញសារយ៉ាងវែងអន្លាយឆ្លើយតបនឹងការស្នើសុំរបស់លោកស្រី សុន្ទរី ហៅស្រីអូនក្នុងបណ្តាញសង្គមផ្លូវការរបស់ខ្លួន ដោយបញ្ជាក់ថា ABA ពិតជាយល់ច្បាស់ណាស់ថា នីតិវិធីអាចនឹងមានភាពស្មុគស្មាញ ប៉ុន្តែយើងត្រូវតែអនុវត្តតាមក្របខណ្ឌច្បាប់ឲ្យបានត្រឹមត្រូវ ដើម្បីផ្តល់ដំណោះស្រាយដោយរលូន និងសុវត្ថិភាព។
ធនាគារ ABA បានបកស្រាយថា បុគ្គលិកធនាគារខ្លួនបានជួបពិភាក្សាជាមួយលោកស្រី ស្រីអូន នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៤ និងបានពិនិត្យឯកសាររបស់លោកស្រីដែលបានយកមកបង្ហាញ ដើម្បីជួយសម្រួលដល់ដំណើរការស្នើសុំនេះ។ ក្នុងជំនួបនោះ ធនាគារបានពន្យល់លោកស្រីយ៉ាងច្បាស់ និងក្បោះក្បាយថា ភាគីធនាគារត្រូវការឯកសារច្បាប់បន្ថែមទៀតពីតុលាការ ដើម្បីផ្ទេរសាច់ប្រាក់ចេញពីគណនីស្វាមីជូនលោកស្រី។ លោកស្រីក៏បានយល់ព្រម និងទទួលយកការពន្យល់នោះដែរ។
ជាមួយគ្នានោះ ធនគារ ABA បញ្ជាក់ថា ខ្លួនក៏បានចេញលិខិតផ្លូវការមួយ ជូនលោកស្រីនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ដែលមានរៀបរាប់នូវឯកសារតម្រូវ ដើម្បីដំណើរការផ្ទេរសាច់ប្រាក់នេះផងដែរ។ ទោះជាយ៉ាងណា លោកស្រីបានសម្រេចចិត្ត បង្ហោះករណីនេះជាសាធារណៈទៅលើបណ្តាញសង្គម ដោយសុំឲ្យធនាគារផ្ទេរប្រាក់មកគណនីលោកស្រី ដែលការបង្ហោះបែបនេះ បានធ្វើឲ្យសាធារណជនមានការយល់ច្រឡំ ចំពោះឆន្ទៈរបស់ធនាគារ ABA។
ធនាគារ ABA បានគូសបញ្ជាក់ថា «យើងខ្ញុំយល់ច្បាស់ពីបញ្ហាលំបាករបស់អតិថិជនរូបនោះ។ ប៉ុន្តែ ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា តម្រូវឲ្យយើងខ្ញុំមានឯកសារត្រឹមត្រូវពីតុលាការ មុននឹងផ្ទេរប្រាក់ចេញពីគណនីបុគ្គលណាមួយ ដែលទទួលមរណភាព។ ធនាគារ ABA កំពុងរង់ចាំទទួលឯកសារនេះពីអតិថិជន ដើម្បីពន្លឿននីតិវិធីដោះស្រាយករណីនេះ។ លើសពីនេះទៀត ធនាគារយើងខ្ញុំក៏ត្រៀមខ្លួនជានិច្ច ដើម្បីជួយអតិថិជនរូបនោះឲ្យឆាប់បានឯកសារតម្រូវពីតុលាការ»។
បន្ថែមទៀតនោះ ធនាគារ ABA បានប្រកាសថា ខ្លួននៅតែបន្តយកចិត្តទុកដាក់ ក្នុងការផ្តល់សេវាធនាគារដ៏ល្អបំផុត និងធានាសុវត្ថិភាពហិរញ្ញវត្ថុជូនអតិថិជនគ្រប់រូប៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ ABA