ជារៀងរាល់ឆ្នាំ អង្គការបេះដូងជប៉ុន បានផ្តល់ការព្យាបាលឥតគិតថ្លៃដល់អ្នកជំងឺក្រៅប្រមាណ ២០,០០០នាក់ និងអ្នកជំងឺវះកាត់ ៣,០០០ករណី ព្រមទាំងសហការជាមួយមន្ទីរពេទ្យបង្អែកខេត្តដែលជាដៃគូដើម្បីចូលរួមចំណែកផ្តល់ការវះកាត់ និងបណ្តុះបណ្តាលបច្ចេកទេសសុខាភិបាលដល់ក្រុមគ្រូពេទ្យនៅតាមមូលដ្ឋាន។
លោកវេជ្ជបណ្ឌិត Yoshioka ស្ថាបនិកអង្គការបេះដូងជប៉ុន ក្នុងជំនួបជាមួយមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល កាលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា អង្គការបេះដូងជប៉ុនបានចាប់ផ្តើមបំពេញបេសកកម្មផ្តល់សេវាសុខាភិបាលដំបូង គឺការធ្វើគ្លីនិកចល័តនៅតាមតំបន់ជនបទក្នុងខេត្តព្រៃវែង ខេត្តកំពង់ចាម និងខេត្តកណ្តាល ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តជនជាតិជប៉ុន។ លោកថា ការព្យាបាលដោយវះកាត់ អង្គការបានសហការជាមួយមន្ទីរពេទ្យបង្អែកខេត្តដែលជាដៃគូ ដើម្បីចូលរួមចំណែកផ្តល់ការវះកាត់ និងបណ្តុះបណ្តាលបច្ចេកទេសសុខាភិបាលដល់ក្រុមគ្រូពេទ្យនៅតាមមូលដ្ឋាន។
លោកបន្តថា តាមរយៈសកម្មភាពសុខាភិបាល អង្គការបានផ្តល់ការព្យាបាលដល់អ្នកជំងឺក្រៅប្រមាណ២០,០០០នាក់ និងអ្នកជំងឺវះកាត់ ៣,០០០ករណី ជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនេះ ចំនួនវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា ឆ្មប និងបុគ្គលិកសុខាភិបាលផ្សេងទៀតបានកើនឡើង និងមានសមត្ថភាព ពិនិត្យ ព្យាបាល និងវះកាត់ជូនអ្នកជំងឺប្រកបដោយបច្ចេកទេស និងគុណភាពកម្រិតខ្ពស់នៅមន្ទីរពេទ្យ។
ក្នុងជំនួបនោះ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលខ បានបញ្ជាក់ពីគោលជំហរគាំទ្រដំណើរការមន្ទីរពេទ្យអង្គការបេះដូងជប៉ុន និងបានស្នើភាគីម្ចាស់ជំនួយបន្តគាំទ្រមន្ទីរពេទ្យ ដើមី្បរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងយកចិត្តទុកដាក់ខ្ពស់ពីសុខុមាលភាពកុមារកម្ពុជា ឱ្យឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧។
អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងសុខាភិបាល