ក្រុមហ៊ុន Royal Railway Cambodia របស់អ្នកឧកញ៉ា គិត ម៉េង បានបន្តតេស្តបើកបររថភ្លើង Kiha 183 ដែលបានទិញពីប្រទេសជប៉ុន ដើម្បីធានាអំពីសុវត្ថិភាព និងផាសុកភាពសម្រាប់ការដឹកអ្នកដំណើរ។
កាលពីព្រឹកថ្ងៃទី ១២ ខែមិថុនានេះ ក្រុមហ៊ុន Royal Railway Cambodia បានបន្តតេស្ដបើកបររថភ្លើង Kiha-183 ប្រភេទ DMU (Diesel Multiple Unit) ចំនួន ៤គ្រឿង លើផ្លូវដែកភាគខាងជើង (ភ្នំពេញ-មានក-ខេត្តកំពង់ឆ្នាំង) ចម្ងាយផ្លូវជាង ៥៥គីឡូម៉ែត្រ ប្រកបដោយជោគជ័យ បន្ទាប់ពីការបើកបរសាកល្បងលើកទី ១ លើផ្លូវដែកភាគខាងត្បូង(ព្រះសីហនុ-ភ្នំពេញ) កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅ។ ការបើកសាកល្បងលើកទី ២នេះ បានធ្វើឡើងក្នុងល្បឿនចន្លោះពី ៣០ ទៅ ៥០គីឡូម៉ែត្រ/ម៉ោងពោល គឺតាមបទដ្ឋានដែលបានកំណត់។
ក្រុមហ៊ុន Royal Railway Cambodia បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ក្រុមហ៊ុនរបស់ខ្លួន កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង លើការធ្វើតេស្តបើកបរសាកល្បងនេះ ដោយផ្តោតជាសំខាន់ទៅលើប្រព័ន្ធសុវត្ថិភាព ដំណើរការកង់ ប្រព័ន្ធហ្វ្រាំង ម៉ាស៊ីនត្រជាក់ ច្រកទ្វារសម្រាប់អ្នកដំណើរ ច្រកទ្វារសុវត្ថិភាព សម្ភារបរិក្ខាផ្សេងៗទៀត ដើម្បីធានាជូនបានថា មានសុវត្ថិភាពខ្ពស់ ព្រមទាំងផាសុកភាពសម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងសម្រេចដាក់ឲ្យដំណើរការជាផ្លូវការនាពេលឆាប់ៗនេះ។
គួរឲ្យដឹងថា នៅពេលដាក់ដំណើរការជាផ្លូវការ Kiha-183 នឹងត្រូវដាក់ឲ្យរត់ដោយជាពីរខ្សែ ក្នុងនោះរួមមាន៖ ១. ខ្សែផ្លូវរថភ្លើងភាគខាងត្បូងភ្នំពេញ-ព្រះសីហនុ តម្រូវឲ្យរត់ក្នុងល្បឿន ៨០គីឡូម៉ែត្រ/ម៉ោង និង ២. ខ្សែផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត តម្រូវឲ្យរត់ក្នុងល្បឿនចន្លោះពី ៣០ ទៅ ៥០គីឡូម៉ែត្រ/ម៉ោង៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រុមហ៊ុន Royal Railway Cambodia