រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាឲ្យផ្អាកការដ្ឋានសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្ររបស់ក្រុមហ៊ុនចិន យូណាន ជីងចេង ហើយត្រូវកាយដីដែលបានចាក់លើឆ្នេរសមុទ្រចេញ និងជួសជុលផ្លូវក្រានីតឱ្យបានស្អាតដូចដើមវិញ។
កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារចម្រុះខេត្ត ព្រះសីហនុ បានចុះពិនិត្យទីតាំងសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រ របស់ក្រុមហ៊ុន យូណាន ជីងចេង ខូអិលធីឌី ដែលមានទីតាំងស្ថិតនៅតាមបណ្តោយឆ្នេរអូរត្រេះ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បន្ទាប់ពីបានពិនិត្យលោក អ៊ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ បានសម្រេចឲ្យក្រុមហ៊ុនត្រូវផ្អាកការដ្ឋានសាងសង់ជាបណ្តោះអាសន្ន ហើយក្រុមហ៊ុនត្រូវកាយដី ដែលបានចាក់លើឆ្នេរសមុទ្រចេញវិញ និងជួសជុលផ្លូវក្រានីតឱ្យបានស្អាតដូចដើមវិញ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនត្រូវមានកិច្ចសហការពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្នុងការកំណត់និយាមកាទីតាំងសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ និងត្រូវស្នើសុំគោលការណ៍ប្រើប្រាស់ដីសាធារណៈពីរាជរដ្ឋាភិបាល។
លោកអភិបាលរងខេត្ត ណែនាំឲ្យក្រុមហ៊ុនត្រូវសិក្សាគម្រោងប្លង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងអត្តសញ្ញាណល្អឯកសម្រាប់ខេត្តព្រះសីហនុ។ បន្ថែមទៀតនោះក្រុមហ៊ុនត្រូវសិក្សាពីផលប៉ះពាល់បរិស្ថានឱ្យបានហ្មត់ចត់
និងត្រូវស្នើសុំលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋាន ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕
អត្ថបទ៖ សាង តេជៈ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ