រថភ្លើង៤គ្រឿង ក្នុងចំណោម ១១គ្រឿង ដែលក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ (RRC) បានទិញពីជប៉ុន បើកបរធ្វើតេស្តសាកល្បងនៅថ្ងៃទី៨ ខែមិថុនានេះ មុននឹងដាក់ឱ្យដំណើរការជាផ្លូវការនាពេលខាងមុខ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នាព្រឹកថ្ងៃសៅរ៍នេះ ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ បានចុះពិនិត្យតាមដានការធ្វើតេស្តសាកល្បងរថភ្លើងប្រភេទ Kiha-183 ដែលត្រូវបានកែសម្រួលប្រព័ន្ធហ្វ្រាំង និងទទឹងកង់ពី ១០៦៧ មិល្លីម៉ែត្រ មក១០០០ មិល្លីម៉ែត្រ រួចរាល់ចំនួន ៤គ្រឿង នៅខេត្តព្រះសីហនុ។
ក្រុមហ៊ុន Royal Railway Cambodia បានដាក់ឱ្យបើកសាកល្បងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ នេះតែម្តង លើផ្លូវដែកភាគខាងត្បូង ព្រះសីហនុ-ភ្នំពេញ ដោយត្រូវពិនិត្យដំណើរការកង់ ប្រព័ន្ធហ្វ្រាំង និងការងារផ្សេងៗទៀតបណ្តើរៗតាមដំណាក់កាល នៃការរត់លើផ្លូវដែក ដើម្បីប្រាកដថាមានសុវត្ថិភាពសម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងដាក់ឱ្យដំណើរការជាផ្លូវការ។
គួរបញ្ជាក់ថា ក្រោយដឹកពីជប៉ុនតាមកប៉ាល់មកដល់កម្ពុជា ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodia បានចុះពិនិត្យរួមគ្នា លើការងារកែតម្រូវកង់ និងប្រព័ន្អហ្វ្រាំងរថភ្លើងដឹកអ្នកដំណើរឱ្យស្របតាមស្តង់ដារផ្លូវដែកកម្ពុជាដើម្បីធានាសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព។
ចំពោះការដាក់ឱ្យដំណើរការជាផ្លូវការ ក្រុមហ៊ុន RRC នឹងជម្រាបជូននាពេលបន្ទាប់ ដោយត្រូវបែងចែកការបើកបរសម្រាប់អ្នកដំណើរជាពីរ ក្នុងនោះផ្លូវរថភ្លើងភាគខាងត្បូង ភ្នំពេញ-ព្រះសីហនុ តម្រូវឱ្យរត់ ៨០km/h និងសម្រាប់ផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត តម្រូវឱ្យរត់ចន្លោះពី ៣០-៥០ km/h៕