ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៤នេះ បានចុះពិនិត្យ តាមដានការធ្វើតេស្តសាកល្បងរថភ្លើងប្រភេទ Kiha-183 ដែលត្រូវបានកែសម្រួលប្រព័ន្ធហ្វ្រាំង និងទទឹងកង់ពី ១ ០៦៧ មិល្លីម៉ែត្រ មក១ ០០០មិល្លីម៉ែត្រ រួចរាល់ចំនួន ៤គ្រឿង នៅខេត្តព្រះសីហនុ។
បើតាមក្រសួងសាធារណការ ក្រុមហ៊ុន Royal Railway Cambodia បានដាក់ឲ្យបើកសាកល្បង នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៤នេះតែម្តង លើផ្លូវដែកភាគខាងត្បូង ព្រះសីហនុ-ភ្នំពេញ ដោយត្រូវពិនិត្យដំណើរការកង់ ប្រព័ន្ធហ្វ្រាំង និងការងារផ្សេងៗទៀតបណ្តើរៗ តាមដំណាក់កាល នៃការរត់លើផ្លូវដែក ដើម្បីប្រាកដថា មានសុវត្ថិភាពសម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងដាក់ឲ្យដំណើរការជាផ្លូវការ។
សូមជម្រាបថា បន្ទាប់ពីដឹកពីជប៉ុនតាមកប៉ាល់មកដល់កម្ពុជា ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodia បានចុះពិនិត្យរួមគ្នា លើការងារកែតម្រូវកង់ និងប្រព័ន្អហ្វ្រាំងរថភ្លើងដឹកអ្នកដំណើរ ឲ្យស្របតាមស្តង់ដារផ្លូវដែកកម្ពុជា ដើម្បីធានាសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព។
ចំពោះការដាក់ឲ្យដំណើរការជាផ្លូវការ ក្រុមហ៊ុន RRC នឹងជម្រាបជូននាពេលបន្ទាប់ ដោយត្រូវបែងចែកការបើកបរសម្រាប់អ្នកដំណើរជាពីរ។ ក្នុងនោះ ផ្លូវរថភ្លើងភាគខាងត្បូង ភ្នំពេញ-ព្រះសីហនុ តម្រូវឲ្យរត់ ៨០km/h និងសម្រាប់ផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត តម្រូវឲ្យរត់ចន្លោះពី ៣០-៥០ km/h៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងសាធារណការ