ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន រដ្ឋមន្ត្រីក្រសួងរៀបចំផែនដីនគរូបនីយកម្ម និងសំណង់ បានផ្តួចផ្តើមគំនិតរៀបចំផែនការសាងសង់ផ្លូវសម្រាប់ជិះកង់តាមឆ្នេរសមុទ្រកម្ពុជាទាំង៤ខេត្តគឺខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង។
ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី លើកឡើងថា លោក សាយ សំអាល់ កំពុងតែឡើងផែនការមួយល្អ ហើយសម្តេចឲ្យគិតមើលគំនិតផ្តួចផ្តើមរៀបចំផ្លូវជិះកង់តាមឆ្នេរសមុទ្រពីខេត្តកែប ទៅដល់ខេត្តកោះកុង។
សម្តេចថ្លែងថា ការរៀបចំផ្លូវសម្រាប់ជិះកង់ពីខេត្តកែបទៅកាន់ខេត្តកោះកុង វាអាចទាក់ទាញភ្ញៀវទេសចរបានមួយកម្រិតទៅលេងតំបន់ឆ្នេរ ហើយអ្នកដែលតែតែរៀបចំកម្មវិធីនានា ដើម្បីប្រមូលថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផាក៏អាចរៀបចំកម្មវិធីជិះកង់ពីខេត្តកែបទៅកំពតបាន នឹងជួយលើកកម្ពស់សុខុមាលភាពសុខភាពរបស់ប្រជាពលរដ្ឋបានមួយកម្រិតទៀតផង។
សម្តេច ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលបានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្នុងតំបន់សមុទ្រជាច្រើនខ្សែទៀតដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទាក់ទាញភ្ញៀវទេសចរ វិនិយោគិនចូលមកកាន់តំបន់សមុទ្រកាន់តែច្រើនថែមទៀត ។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ប្រទេសកម្ពុជាមានឆ្នេរសមុទ្រលាតសន្ធឹងប្រវែង ៤៤០ គីឡូម៉ែត្រ ដោយរាប់បញ្ចូលខេត្តចំនួន ៤ រួមមាន៖ ព្រះសីហនុ កោះកុង កំពត និងកែប៕
អត្ថបទ៖ ផល កុសល រូបភាព៖ បណ្តាញសង្គម