គំរូល្អ! ទោះនេសាទបានក្តាមពងក៏ប្រជានេសាទព្រលែងចូលសមុទ្រវិញដើម្បីអភិរក្សទៅថ្ងៃក្រោយ

គំរូល្អ! ទោះនេសាទបានក្តាមពងក៏ប្រជានេសាទព្រលែងចូលសមុទ្រវិញដើម្បីអភិរក្សទៅថ្ងៃក្រោយ

ប្រជានេសាទខេត្តព្រះសីហនុបានបង្កើតជាគំរូល្អដោយព្រលែងក្តាមសេះពងក្រៅចូលសមុទ្រវិញនៅពេលពួកគេនេសាទបានបើទោះពួកគេនេនសាទបានក្តាមពងក្រៅបានច្រើនគីឡូក៏ដោយ។ 

បើតាមមន្ទីរកសិកម្មមរុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុបានឲ្យដឹងថា គិតត្រឹមថ្ងៃទី០៣ មិថុនា ២០២៤ នេះ បងប្អូនប្រជានេសាទក្តាមសេះកាន់តែច្រើនឡើងៗចាប់ផ្តើមនិងបន្តសកម្មភាពលែងក្តាមពងក្រៅចូលក្នុងសមុទ្រវិញ។ ជាក់ស្តែងអ្នកលែងក្តាមសរុបចំនួន១៦នាក់ហើយ ក្នុងនោះ អ្នកនេសាទ ១២នាក់ អ្នកប្រមូលទិញផលនេសាទ៣នាក់ និងប្រជាពលរដ្ឋដែលជាអ្នកហូបចំនួន១នាក់។

តាមដានជាមួយយើង៖ Million Times

សកម្មភាពស្រុះគ្នានេះបន្ទាប់ពីប្រជានេសាទសង្កេតឃើញថា ទិន្នផលនេសាទក្តាមសេះមានការចុះអន់ថយរយៈពេល២ឆ្នាំចុងក្រោយនេះ ។ ដូច្នេះហើយពួកគេសង្ឃឹមថាការព្រលែងក្តាមសេះពងក្រៅទៅសមុទ្រវិញនឹងជួយរក្សាពូជក្តាមសេះឲ្យគង់វង្សព្រមទាំងអាចបង្កើនទិន្នផលនេសាទបានថែមទៀត។

លោក ណាក់ សំណាង អ្នកនេសាទក្តាមសេះនៅកោះរ៉ុងសន្លឹម បានឲ្យដឹងថា កាលពីមុនគេល្បីរឿងហូបក្តាមសេះមានពងព្រោះយល់ថាមានឱជារសឆ្ងាញ់។ ប៉ុន្តែការនិយមនេះបានធ្វើឲ្យទិន្នផលនេសាទមានការធ្លាក់ចុះយ៉ាងខ្លាំង។ 

ការព្រលែងក្តាមពងចូលសមុទ្រនេះលោកបានបន្តធ្វើជាច្រើនដងមកហើយដោយគិតមកទល់ពេលនេះចូល១០លើកហើយ។ លោកបញ្ជាក់ថា ក្នុងមួយថ្ងៃអាចនេសាទបាន២០គីឡូក្រាមហើយក្នុងនោះមានក្តាមពងអាច៣ទៅ៥គីឡូក្រាម។ សម្រាប់ខែក្តាមសម្បូរពងវិញ អាចនេសាទបានចន្លោះពី៥០ទៅ៦០គីឡូក្រាម។

លោក លី ថៃ ជាអ្នកនេសាទមួយរូបដែរបានឲ្យដឹងថា រូបលោកនិងបងប្អូននេសាទជាច្រើនក៏បានចូលរួមរួចរាល់ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ក្នុងការជួយអភិរក្សក្តាមសេះធម្មជាតិកុំឲ្យបាត់បង់។ កន្លងមក លោកជួបការលំបាកច្រើនទាំងថវិកាចំណាយទៅលើឧបករណ៍នេសាទទាំងសោហុយប្រេងសាំងនិងកម្លាំង ពេលខ្លះរកបានគ្រប់សោហុយពេលខ្លះរកមិនបានគ្រប់ការចំណាយព្រោះក្តាមខ្សត់។មូលហេតុនេះហើយដែលលោកត្រូវរួមគ្នាអភិរក្សដោយការព្រលែងក្តាមមេពងក្រៅអោយចូលទៅក្នុងសមុទ្រវិញ ដើម្បីជាប្រយោជន៍រួមទៅថ្ងែក្រោយ។ 

ដើម្បីជាការលើកទឹកចិត្តនិងបន្តគាំទ្រដល់ការរក្សាធនធានជលផលឱ្យមានចីរភាព លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុ បានជួបប្រជុំសំណេះសំណាលនិងចែកលិខិតសរសើរជូនប្រជានេសាទ និងអាជីវករទិញក្តាមដែលបានលែងក្តាមពងចូលសមុទ្រវិញផងដែរ។

ជាទូទៅ ក្តាមសេះពងវានឹងញាស់ក្នុងចន្លោះពី៥ទៅ១០ថ្ងៃដោយចំនួនកូនដ៏ច្រើនលើសលប់។ រដូវក្តាមពងក្នុងចន្លោះពីខែកុម្ភៈដល់ខែតុលា ហើយអំឡុងដែលវាពងកូនរួចក្តាមសេះ សម្បូរបំផុតក្នុងចន្លោះខែមិថុនានិងខែកក្កដា៕

អត្ថបទ៖ នារតី រូបភាព៖ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុ