មហោស្រពតន្រ្តី អូប៉េរ៉ា ស្តារធួរ បាននឹងកំពុងរៀបចំនៅតាមទីតាំងដ៏អស្ចារ្យនានានៅបណ្តាប្រទេសអាស៊ី ហើយថ្មីៗនេះ បាននឹងកំពុងសិក្សាគម្រោងរៀបចំមហោស្រពតន្ត្រីនេះ នៅលើទឹកដីកម្ពុជានាពេលខាងមុខក្នុងការជំរុញលំហូរភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិទៅកាន់កម្ពុជា និងចូលរួមគាំទ្រដល់យុទ្ធនាការឆ្នាំទស្សនាសៀមរាប២០២៤។
កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ លោក Marco Bianchi នាយករៀបចំកម្មវិធីប្រគំតន្ត្រីរបស់លោក Andrea Bocelli អ្នកចម្រៀងដ៏ល្បីលំដាប់ពិភពលោក សញ្ជាតិអ៉ីតាលី បានមកកម្ពុជាជួបលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីពិភាក្សាគម្រោងរៀបចំការប្រគំតន្ត្រីកម្រិតពិភពលោកលើកដំបូង នៅប្រទេសកម្ពុជា នៅឆ្នាំ២០២៥។
លោក Marco Bianchi បានបង្ហាញពីដំណើរការរៀបចំកម្មវិធីប្រគំតន្ត្រីនៅក្រុងភ្នំពេញដែលជួយជំរុញកំណើនទេសចរណ៍, កំណើនសេដ្ឋកិច្ច, អភិរក្ស និងអភិវឌ្ឍវិស័យវប្បធម៌ ព្រមទាំងទទួលស្គាល់ពីអន្តរជាតិនិងជាអំណាចទន់ ផងដែរ។ លោកក៏បានអះអាងថា បើសិនរៀបចំបានការប្រគំតន្ត្រីនៅកម្ពុជាមួយនេះ នឹងត្រូវបានផ្សព្វផ្សាយដោយក្រុមហ៊ុនធំៗ ដែលមានអ្នកទស្សនាដល់ទៅរាប់ពាន់លាននាក់។
លោកបន្តថា នេះគឺជាការបើកទ្វារឱ្យពិភពលោក កាន់តែបានស្គាល់ពីកម្ពុជា ដែលជាប្រទេសមានសន្តិភាព ដូចតារាចម្រៀងលំដាប់ពិភពលោក Taylor Swift ទៅច្រៀងនៅសិង្ហបុរីដែរ។ បុគ្គលកំពូល ដូចជាលោក Andrea Bocelli មកច្រៀងនៅកម្ពុជា ក៏ជារឿងកម្រផងដែរ ខណៈប្រទេសនានាលើពិភពលោក សុទ្ធតែចង់បានគាត់ និងអ្នកល្បីដទៃទៀត ទៅច្រៀងក្នុងប្រទេសរបស់ពួកគេ។
ពាក់ព័ន្ធនឹងការបង្កើតគម្រោងប្រគំតន្ត្រីដោយជ្រើសរើសកម្ពុជា គឺជាគោលដៅមួយនៅអាស៊ីអាគ្នេយ៍ ត្រូវបានលោក សុខ សូកេន ប្រកាសគាំទ្រ និងចាត់ទុកការប្រគំតន្ត្រីនឹងជួយលើកកម្ពស់តម្លៃសន្តិភាព វប្បធម៌ និងទេសចរណ៍របស់កម្ពុជាដល់ពិភពលោក។
ជម្រាបជូនថា លោក Andrea Bocelli ជាជនជាតិអ៊ីតាលីដែលមានឈ្មោះបោះសំឡេងដោយសារសមត្ថភាពពិសេស ក្នុងសិល្បៈតន្ត្រីបញ្ចូលគ្នារវាងអូប៉េរ៉ា (Opera) និងតន្ត្រីប្រជាប្រិយ (Pop music)៕
អត្ថបទ៖ ភិលាល័យ រូបភាព៖ ក្រសួងទេសចរណ៍