អង្គការជំនួបកំពូលពុទ្ធសាសនា និងសន្និសីទកំពូលពុទ្ធសាសនាពិភពលោក នៅថ្ងៃទី២ ខែមិថុនានេះបានថ្វាយព្រះគោរមងារជាកិច្ចបច្ឆាមរណៈថ្វាយសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ព្រះមហាសង្ឃរាជគណមហានិកាយកម្ពុជា នូវព្រះគោរមងារកិត្តិយស «ព្រះមហាវីរសង្ឃសិរីធម្មរាជ ដែលមានករុណាដ៏ជ្រាលជ្រៅបំផុត និងជាគ្រូនៃមាគ៌ាដ៏បរិសុទ្ធរបស់ពុទ្ធសាសនា» ដែលដឹកនាំដោយព្រះមហាថេរបណ្ឌិត Shinkai Kori ព្រះប្រធានអង្គការជំនួបកំពូលពុទ្ធសាសនា និងជាព្រះប្រធានសន្និសីទកំពូលពុទ្ធសាសនាពិភពលោក។
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃទីស្តីការគណៈរដ្ឋមន្រ្តី បានចាត់ទុកការសម្រេចថ្វាយព្រះគោរមងារនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីការទទួលស្គាល់ប្រកបដោយក្តីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ចំពោះព្រះគុណូបការៈដ៏ធំធេងរបស់ សម្ដេចព្រះសង្ឃរាជ ទេព វង្ស ដែលបានបូជាថ្វាយចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសម្តេចបានខិតខំអស់ពីព្រះកាយពល ព្រះបញ្ញាញាណ ប្រកបដោយព្រះស្មារតីជ្រះថ្លា និងវីរិយភាពខ្ជាប់ខ្ជួន ក្នុងការដឹកនាំព្រះសង្ឃ, ការទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនានៅកម្ពុជា ឱ្យបានឧត្តុង្គឧត្តមឡើងវិញ អស់មួយព្រះជន្មព្រះអង្គ ដើម្បីសេចក្ដីចម្រើន, ដើម្បីជាប្រយោជន៍, ដើម្បីសេចក្ដីសុខ, ដើម្បីសុខសន្តិភាព និងសុភមង្គលរបស់មនុស្សជាតិ។
សម្ដេចព្រះសង្ឃរាជ ទេព វង្ស យាងចូលព្រះទិវង្គតនៅវេលាម៉ោង ៥៖៤0នាទីល្ងាច ថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា ដោយព្រះជរាពាធ។ ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះនៅថ្ងៃកាន់ទុក្ខជាផ្លូវការជាលើកទី២ រដ្ឋាភិបាលកម្ពុជា រៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសពសម្តេចព្រះមហាសង្ឃរាជ ឱ្យសមតាមប្រពៃណីជាតិ សក្តិសមនឹងព្រះកិត្តិយសរបស់សម្តេច នៅថ្ងៃទី៣ ខែមិថុនា គឺជាការកំណត់ថ្ងៃថ្វាយព្រះភ្លើងព្រះបរមសពសម្តេចនៅសួនមុខវត្តបុទុមវតី រាជធានីភ្នំពេញ។
សូមជម្រាបជូនថា អង្គការជំនួបកំពូលពុទ្ធសាសនា និងសន្និសីទកំពូលពុទ្ធសាសនាពិភពលោក ធ្លាប់បានថ្វាយព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» នូវគោរមងារកិត្តិយសជា «ព្រះបិតាដ៏ឧត្តុង្គឧត្តមបំផុតនៃពុទ្ធសាសនាពិភពលោក» និងបានថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នូវគោរមងារកិត្តិយសជា«ព្រះស្រីលោកធម្មិករាជ»។
ជាមួយគ្នានេះ អង្គការជំនួបកំពូលពុទ្ធសាសនាក៏បានដង្ហែនូវចំណែកនៃព្រះអដ្ឋិធាតុព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» យកទៅតម្កល់នៅមហាសាលរាជវាំងព្រះពុទ្ធសាសនា ដែលត្រូវបានកសាងឡើងឧទ្ទិសថ្វាយអង្គសម្ដេចឳព្រះបរមរតនកោដិ ហើយក៏នឹងគ្រោងនឹងដង្ហែនូវចំណែកនៃព្រះអដ្ឋិធាតុរបស់សម្ដេចព្រះមហាសង្ឃរាជ យកទៅប្រតិស្ឋាននៅមហាសាលរាជវាំងព្រះពុទ្ធសាសនា ដើម្បីធ្វើសក្ការបូជាផងដែរ៕
អត្ថបទ៖ សាង តេជៈ រូបភាព៖ ទីស្តីការគណៈរដ្ឋមន្រ្តី