អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) បានបំភ្លឺជុំវិញករណីចុះចាប់ និងដកហូតទូរសព្ទគ្មានពន្ធនាំចូលពីទីតាំងអាជីវកម្មមួយចំនួន នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ការបំភ្លឺនេះ បន្ទាប់ពីមានការលើកឡើង និងរិះគន់ នៅលើបណ្ដាញសង្គម និងសារព័ត៌មានមួយចំនួន។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ការចុះចាប់ និងដកហូតទូរសព្ទខាងលើនេះ ជាផ្នែកមួយនៃប្រតិបត្តិការចុះត្រួតពិនិត្យអនុលោមភាពចុងទី ដែលអនុវត្តឡើងដោយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់ ៦ សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស, មន្ត្រីនៃស្នងការដ្ឋាននគរបាល, និង អាជ្ញាធរមូលដ្ឋាន ក្រោមកិច្ចសម្របសម្រួលព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ។
ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានចុះឆែកឆេរ និងត្រួតពិនិត្យទីតាំងអាជីវកម្មដ្ឋានចំនួន ៥ទីតាំង និងចាប់ឃាត់បានទំនិញល្មើសច្បាប់គយចម្រុះរួមមាន៖ ទូរសព្ទ, ប្រេងម៉ាស៊ីន, និងគ្រឿងអគ្គិសនីមួយចំនួន។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា អនុលោមតាមមាត្រា ៨ នៃច្បាប់ ស្ដីពី គយជាធរមាន, ប្រកាសលេខ ៣៨៩ សហវ.គរ ចុះថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០០៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ប្រកាសលេខ ៧៣៥ សហវ.គរ ចុះថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, មុខទំនិញ ទូរសព្ទ ត្រូវបានចាត់ជាទំនិញកំណត់ពិសេស ដែលជាកម្មវត្ថុនៃការបិទត្រាពន្ធគយ។
ជាក់ស្ដែង នាពេលចុះធ្វើអនុលោមភាពនៅតាមទីតាំងអាជីវកម្មដ្ឋានខាងលើ មន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ចពិនិត្យឃើញថា មានទូរស័ព្ទស្មាតហ្វូនថ្មីចំនួន ៣៥៦គ្រឿង និងទូរស័ព្ទប្រើរួចចំនួន ៩៥៥គ្រឿង ពុំមានបិទត្រាពន្ធគយនិងពុំមានឯកសារបញ្ជាក់ពីប្រភពស្របច្បាប់។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ទៀតថា បច្ចុប្បន្ន ទូរសព្ទទាំងនេះ ត្រូវបាននាំយកមកថែរក្សាទុកជាបណ្តោះអាសន្ន នៅទីតាំងឈរជើងរបស់ការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់ ៦ ស្ថិតនៅភូមិ ហួច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយទៅតាមនីតិវិធី។ ចំពោះទូរសព្ទប្រើរួច ដែលត្រូវបានរកឃើញថាជាទំនិញទិញដូរក្នុងស្រុក នោះអង្គភាពគយ និងរដ្ឋាករមានសមត្ថកិច្ច នឹងប្រគល់ជូនម្ចាស់វិញ។
កន្លងមក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តែងចុះផ្សព្វផ្សាយជាប្រចាំ ក្នុងការបញ្ជ្រាបការយល់ដឹងដល់អាជីវករតាមអាជីវកម្មដ្ឋាននានា តាមរាជធានី-ខេត្ត ឱ្យស្វែងយល់ពីកាតព្វកិច្ចពន្ធ-អាករនាំចូល ជាពិសេសការតម្រូវឲ្យមានត្រាគយលើទំនិញកំណត់ពិសេសដូចជា៖ ទូរសព្ទ និងគ្រឿងអេឡិកត្រូនិចមួយចំនួន ហើយក៏មានការបិទផ្សាយខិតបណ្ណ អំពីការអនុវត្តកាតព្វកិច្ចពន្ធ-អាករនេះ នៅតាមអាជីវកម្មដ្ឋានផងដែរ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានអំពាវនាវឲ្យគ្រប់អង្គភាព/ស្ថាប័នពាក់ព័ន្ធ និងបណ្ដាញសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គម សូមចូលរួមគាំទ្រអនុវត្តច្បាប់តាមរយៈការជួញដូរ និងប្រើប្រាស់ទំនិញ ដែលបានបំពេញកាតព្វកិច្ចពន្ធ និងអាករត្រឹមត្រូវ ដើម្បីចូលរួមលើកកម្ពស់វប្បធម៌សារពើពន្ធនៅកម្ពុជា ទាំងអស់គ្នា៕
អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម