រាជរដ្ឋាភិបាលបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ប្រតិបត្តិករទឹកស្អាតឯកជនទាំងមូលដែលរួមចំណែកដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ដោយបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការធ្វើផែនការ និងកិច្ចសហការល្អប្រសើរ ជាពិសេសក្នុងពេលមានវិបត្តិដូចកាលរដូវប្រាំងកន្លងមក។
ក្នុងពេលជួបគណៈប្រតិភូមកពីសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា កាលពីថ្ងៃទី២៩ ខែឧសភា លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ស្ថាប័នហិរញ្ញវត្ថុមួយចំនួនកំពុងផ្តល់អាទិភាពដល់គម្រោងទឹកស្អាត ហើយពួកគេស្វាគមន៍សំណើឥណទានពីប្រតិបត្តិករ។ ការណ៍នេះលោកបានណែនាំឱ្យប្រតិបត្តិករទឹកស្អាតឯកជនទាំងអស់ អនុវត្តអាជីវកម្មក្នុងប្រព័ន្ធផ្លូវការ និងបង្កើនតម្លាភាព ដើម្បីសម្រួលដល់ការទទួលបានហិរញ្ញវត្ថុ។
លោកបានបន្ថែមថា ក្រសួងកំពុងតស៊ូមតិឱ្យមានការចែករំលែកទិន្នន័យ ដើម្បីធ្វើផែនការឱ្យបានកាន់តែប្រសើរ និងគិតគូរបញ្ចូលចំណាយជួសជុលបណ្តាញចែកចាយទឹកស្អាតទៅក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ ជាមួយគ្នានេះ លោកបានសម្តែងការគាំទ្រចំពោះការរៀបចំពិព័រណ៍ទឹកស្អាតនាពេលខាងមុខ ហើយបានជំរុញឱ្យសមាគមប្រមូលរាល់បញ្ហាប្រឈម រួមទាំងបញ្ហាប្រភពទឹក និងឧបសគ្គក្នុងកិច្ចប្រតិបត្តិការ ដើម្បីក្រសួងរៀបចំសម្របសម្រួលស្វែងរកដំណោះស្រាយជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ។
គួរកត់សម្គាល់ថា នាពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានចេញសេចក្តីជូនដំណឹងពីការចុះវាយតម្លៃប្រតិបត្តិករទឹកស្អាតនៅទូទាំងប្រទេស ដើម្បីស្វែងយល់កាន់តែច្បាស់អំពីតម្រូវការរបស់ពួកគេ និងរៀបចំអន្តរាគមន៍ឱ្យចំគោលដៅ។
ទន្ទឹមនឹងនេះ ក្រសួងក៏កំពុងពិចារណាធ្វើការកែសម្រួលជាយុទ្ធសាស្រ្តមួយចំនួន ដូចជាការរៀបចំគំរូអាជីវកម្មថ្មី ដែលប្រតិបត្តិករឯកជនផ្តោតការវិនិយោគលើការកសាងបណ្តាញចែកចាយ ជាជាងការបង្កើតប្រភពទឹក និងការសាងសង់រោងចក្រប្រព្រឹត្តិកម្ម, លទ្ធភាពកែសម្រួលតម្លៃទឹកស្អាតសម្រាប់វិស័យអាជីវកម្ម និងឧស្សាហកម្ម, និងការលើកទឹកចិត្តប្រតិបត្តិករតូចៗឱ្យរួមបញ្ចូលគ្នាដើម្បីបង្កើនប្រសិទ្ធភាពជាដើម៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រសួងឧស្សាហកម្ម