ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៤ បានអនុម័តហិរញ្ញប្បទានបន្ថែមចំនួន ៧៩,៥លានដុល្លារអាមេរិកឲ្យប្រទេសកម្ពុជាសម្រាប់ការពង្រីកសកម្មភាពដែលកំពុងត្រូវបានអនុវត្ត ក្នុងគោលដៅលើកកម្ពស់លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព។
សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក បានឲ្យដឹងថា មូលនិធិថ្មីនេះ នឹងត្រូវបានយកទៅប្រើប្រាស់ដើម្បីពង្រីកគម្រោងកែលម្អការអប់រំទូទៅទាំងប្រទេសនៅកម្ពុជា ដែលត្រូវបានអនុម័តកាលពីខែមករា ឆ្នាំ ២០២២ ជាមួយកញ្ចប់ហិរញ្ញប្បទានលើកដំបូងចំនួន ៦៩,២៥លានដុល្លារអាមេរិក។ កញ្ចប់ហិរញ្ញប្បទានបន្ថែមនេះមានឥណទានចំនួន ៦០លានដុល្លារអាមេរិកពីសមាគមអភិវឌ្ឍន៍អន្តរជាតិ ដែលជាមូលនិធិរបស់ធនាគារពិភពលោកសម្រាប់ជួយជនខ្វះខាតបំផុត និងជំនួយចំនួន ១៩,៥លានដុល្លារផ្សេងទៀតពីអង្គការភាពជាដៃគូសកលសម្រាប់ ការអប់រំ។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា “ប្រទេសកម្ពុជាបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការពង្រីកលទ្ធភាពទទួលបានការអប់រំក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែអ្វីដែលនៅតែជាបញ្ហាប្រឈមដ៏ធំនោះ គឺលទ្ធផលនៃការសិក្សារបស់សិស្សនៅមានកម្រិតទាប ហើយលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាពក៏នៅខ្វះសមធម៌ដែរ”។
លោកស្រីនិយាយថា “ការផ្តល់ហិរញ្ញប្បទានបន្ថែមនេះគឺដើម្បីពង្រឹង ថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយភាពក្រីក្រក្នុងការសិក្សា និងកសាងមូលធនមនុស្សដែលចាំបាច់សម្រាប់ ការលូតលាស់នៃសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា”។
កញ្ចប់ហិរញ្ញប្បទានបន្ថែមនេះ នឹងពង្រីកសកម្មភាពគម្រោងទៅកាន់គ្រឹះស្ថានអប់រំផ្សេងទៀត នៅទូទាំងប្រទេស ក្នុងនោះ មានអនុវិទ្យាល័យចំនួន ៥០០, សាលាបឋមសិក្សាចំនួន ១០០០ និងសាលាមត្តេយ្យចំនួន ៩០។ គម្រោងនេះ សង្កត់ធ្ងន់លើភាពចាំបាច់នៃការបង្កភាពងាយស្រួលដល់កុមារមកពីក្រុមជួបការលំបាក គ្រួសារក្រីក្រ ឬសហ គមន៍ជនជាតិដើមភាគតិច រួមទាំងអ្នកដែលនៅតំបន់ដាច់ស្រយាល ឬរស់នៅក្នុងពិការភាព ដើម្បីបានទៅសាលារៀន និងទទួលបានឱកាសសិក្សាប្រកបដោយគុណភាព។
អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម