សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក ម៉ានី ប៉ាគីអាវ (Manny Pacquiao) កំពូលកីឡាករប្រដាល់កម្រិតពិភពលោក និងជាអតីតសមាជិកព្រឹទ្ធសភាហ្វីលីពីន ចូលជួបពិភាក្សាការងារ នៅវិមាន៧មករា។
ក្នុងឱកាសនៃជំនួប លោក ម៉ានី ផាគីអាវ បានជម្រាបប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ថា កីឡាប្រដាល់គឺប្រភេទកីឡាមួយ ដែលមានលក្ខណៈពិសេស និងលំបាក ដែលទាមទារនូវការហ្វឹកហាត់ខ្លាំងក្លា វិន័យខ្ពស់ ជាមួយនឹងការយល់ដឹងអំពីគោលការណ៍ច្បាស់លាស់ ដើម្បីអាចកសាងបាននូវអាជីពជាកីឡាករប្រដាល់ ដែលមានកេរ្តិ៍ឈ្មោះល្បី។
ជាមួយគ្នានេះ លោក ប៉ាគីអាវ ក៏បានជម្រាបសម្ដេចធិបតី ថា លោកនឹងចូលរួមលើកស្ទួយ និងជំរុញដល់វិស័យគុនខ្មែរ ដែលជាផ្នែកមួយនៃកីឡាប្រដាល់ ហើយលោកក៏នឹងជួបពិភាក្សាជាមួយកីឡាករល្បីៗកម្ពុជា អំពីស្មារតីនៃកីឡាប្រដាល់ ក៏ដូចជាចែករំលែកពីបទពិសោធន៍ដ៏ច្រើន ដែលលោកបានឆ្លងកាត់ក្នុងជីវិតជាអ្នកប្រដាល់អាជីពលំដាប់ពិភពលោក ជាមួយនឹងការប្រកួតជាច្រើនកម្រិត និងច្រើនប្រភេទទម្ងន់ផ្សេងៗ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលេចថា វត្តមានរបស់លោក ម៉ានី ប៉ាគីអាវ ក្នុងនាមជាកីឡាករប្រដាល់ដ៏ល្បីល្បាញ ដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូបបានស្គាល់ នឹងចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡា វិស័យទេសចរណ៍ និងលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-ហ្វីលីពីន តាមរយៈការតភ្ជាប់រវាងប្រជាជន និងប្រជាជន។
សូមជម្រាបថា លោក ម៉ានី ប៉ាគីអាវ ធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជាលើកទីមួយនៅឆ្នាំ២០១៦ ដែលពេលនោះ លោកបានអមដំណើរលោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ប្រធានាធិបតីហ្វីលីពីន អំឡុងពេលបំពេញទស្សនកិច្ចផ្លូវរដ្ឋ៕
អត្ថបទ៖ សាង តេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី