ស្ពតវីដេអូដែលមានរយៈពេល៣០វិនាទី របស់ក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្ស Emirates ដែលបង្ហាញពីតំបន់ទេសចរណ៍កម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គមពាសពេញពិភពលោល ពិសេសប្រជាជនកម្ពុជា។
វីដេអូនេះបានបង្ហាញពីគោលដៅតំបន់ទេសចរណ៍វប្បធម៍ដ៏ល្អឯកនៅក្នុងទីតាំងខេត្តសៀមរាប ពិសេសក្នុងបរិវេណប្រាសាទអង្គរវត្ត រួមនឹងទីតាំងជាច្រើនក្នុងរាជធានីភ្នំពេញផងដែរ។
យ៉ាងណាក្តី វីដេអូដែលចំណាយដើមទុនផលិតដ៏ច្រើននេះត្រូវបានគេសង្កេតឃើញថា Emirates បានផុសលើបណ្តាញសង្គម Instagram របស់ខ្លួនកាលពីល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៤ អមដោយ Caption៖ “Discover the ancient wonders and modern charms of Cambodia. 🇰🇭. We’re now flying daily to Phnom Penh via Singapore” ។ ទើបតែផុសបានរយៈពេលប៉ុន្មានម៉ោង ប៉ុន្តែសន្ទុះនៃការគាំទ្រនិងការ Share បន្តនៃវីដេអូនេះបានល្បីស្ទើរពាសពេញបណ្តាញសង្គមនៅកម្ពុជាទៅហើយ។
ទន្ទឹមនឹងមោទកភាពដែលក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្សរបស់ Emiratesផលិតវីដេអូផ្សព្វផ្សាយពីវប្បធម៍ទេសចរណ៍ប្រទេសជាតិរបស់យើងទៅកាន់ពិភពលោក មតិមួយចំនួនក៏បានលើកឡើងថានេះក៏ជាវីដេអូពាណិជ្ជកម្មបន្ទាប់ពីក្រុមហ៊ុននេះបានសម្រេចចិត្តតភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជាឡើងវិញ៕
អត្ថបទ៖ នារតី