អាជ្ញាធរខេត្តកំពង់ស្ពឺ បានសម្រេចដកហូតដីព្រៃឈើ ដែលទទួលរងនូវការកាន់កាប់យកដីរបស់រដ្ឋដោយខុសច្បាប់ ចំនួនជាង ៥៧ហិកតាទៀត ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខណ:រយៈពេលជិត ៥ខែ ឆ្នាំនេះ សម្រេចដកហូតជាង ១ ៤០០ហិកតារួចមកហើយ។
តាមដីការបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ស្ដីពី ការប្រកាសបដិសេធ និងដកហូតដីព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ចេញកាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៤ បានសម្រេចថា ត្រូវបានប្រកាសបដិសេធ និងដកហូតដីព្រៃឈើ ដែលទទួលរងនូវការកាន់កាប់យកដីរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់ លើទីតាំងដីចំនួន ២កន្លែង ដែលមានផ្ទៃដីសរុប ៥៧ហិកតា ៧៩អារ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិសាស្រ្ដភូមិអូអញ្ចារ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានចំណុចនិយាមកា និងផែនទីបង្ហាញទីតាំងដីភ្ជាប់មកជាមួយស្រាប់។ រដ្ឋបាលខេត្តកំពង់ស្ពឺ បានទុកពេលវេលាកំណត់រយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការសម្រាប់ទុកសិទ្ធិដើម្បីធ្វើការតវ៉ា។
ជាការកត់សម្គាល់ រដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងរយៈពេលជិត ៥ខែ ឆ្នាំ ២០២៤នេះ បានសម្រេចដកហូតដីព្រៃជាង ១ ៤០០ហិកតា ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មកធ្វើជាទ្រព្យសម្បត្តិរដ្ឋវិញ ក្រោយពីមានការវាតយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់។
កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញដីកាមួយ ដោយសម្រេចបដិសេធ និងដកហូតដីព្រៃឈើ ដែលទទួលរងនូវការកាប់គាស់ រុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់ លើទីតាំងដីចំនួនមួយកន្លែង ដែលមានផ្ទៃដីសរុប ១៣៦ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ត្រង់ចំណុចប៉ុយរ៉ុយ ភូមិសាស្ត្រ ភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញដីកាមួយដែរ ដោយបានសម្រេចបដិសេធ និងដកហូតដីព្រៃឈើ ដែលមានផ្ទៃដីសរុប ៣៧៤ហិកតា ៩៣អារ ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិសាស្ត្រភូមិ ត្រពាំងធៀ ឃុំ តាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ចំណែកកាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានចេញដីកាមួយទៀត ដោយបានសម្រេចត្រូវបដិសេធ និងដកហូតដីព្រៃឈើ ដែលមានផ្ទៃដីសរុប ៨៩៣ហិកតា ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិសាស្រ្តភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ចុងក្រោយនេះ កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានចេញដីកាមួយទៀតដែរ ដោយបានសម្រេចបដិសេធ និងដកហូតដីព្រៃឈើ ដែលទទួលរងនូវការកាន់កាប់យកដីរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់ លើទីតាំងដីចំនួន ២កន្លែង ដែលមានផ្ទៃដីសរុប ៥៧ហិកតា ៧៩អារ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិសាស្រ្ដភូមិអូអញ្ចារ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕
អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម