អាចនិយាយបានថានេះជាព្រឹត្តិការណ៍លើកតំបូងហើយនៅប្រទេសកម្ពុជាដែលរៀបចំកម្មវិធីប្រឡងចៀរជ័រកៅស៊ូដើម្បីបង្ហាញពីសមត្ថភាពចៀរជ័ររបស់កម្មករប្រកបរបរចៀរជ័រកៅស៊ូ។
ក្នុងកិច្ចប្រជុំពិភាក្សាលើសំណើសុំគោលការណ៍រៀបចំកម្មវិធីប្រឡងចៀរជ័រកៅស៊ូ កាលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការរៀបចំកម្មវិធីប្រឡងចៀរជ័រកៅស៊ូធ្វើឡើងដើម្បីបង្ហាញពីសមត្ថភាពចៀរជ័ររបស់កម្មករប្រកបរបរចៀរជ័រកៅស៊ូ។ ការប្រឡងនេះទៀតសោត ដើម្បីទទួលបានការគាំទ្រនិងទាក់ទាញចំណាប់អារម្មណ៍ពីសាធារណជន។
លោកគូសបញ្ជាក់ថា ត្រូវរៀបចំឱ្យមានលក្ខណៈសប្បាយរីករាយ និងត្រូវជំរុញការផ្សព្វផ្សាយឱ្យ បានផុលផុស។
ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់អំពីការវាយតម្លៃដាក់ពិន្ទុ ដែលត្រូវធ្វើឡើងដោយសុក្រឹត្យ ស្របតាមលក្ខខណ្ឌកំណត់ ដោយផ្ដោតលើល្បឿននៃការចៀរជ័រ សោភណ្ឌភាព និងជាពិសេសគឺភាពត្រឹមត្រូវទៅតាមបច្ចេកទេសនៃការចៀរជ័រ។
សូមជម្រាបថា ក្រៅពីរៀបចំកម្មវិធីប្រឡងចៀរជ័រកៅស៊ូ ក្រសួងកសិកម្មក៏នឹងការរៀបចំពិធីប្រារព្ធខួប១០០ឆ្នាំនៃចម្ការកៅស៊ូចំណាស់ជាងគេនៅកម្ពុជាដែលបានដាំតាំងពីឆ្នាំ១៩២៤។ លើសពីនេះ លោកមានបំណងរៀបចំទីតាំងចម្ការកៅស៊ូនេះឱ្យក្លាយទៅជា «សួនអភិរក្សចម្ការកៅស៊ូចាស់ជាងគេនៅកម្ពុជា» នាពេលខាងមុខផងដែរ៕
អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងកសិកម្ម