វិទ្យាស្ថាននៃក្រុមហ៊ុនវិទ្យាសាស្ដ្រសំណង់ ស៊ូចូវ គ្រោងចាយទុន ១០លានដុល្លារអាមេរិកសាងសង់មន្ទីរពិសោធន៍បំពាក់ដោយបច្ចេកវិទ្យាទំនើបឲ្យប្រទេសកម្ពុជា ផ្តោតលើការងារប្រឆាំងផលិតផលក្លែងក្លាយ។
ក្នុងពេលពិភាក្សាការងារជាមួយមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ វិទ្យាស្ថាននៃក្រុមហ៊ុនវិទ្យាសាស្ដ្រសំណង់ ស៊ូចូវ បង្ហាញពីគោលបំណងពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសចិន ដែលភាគីចិនចង់ជួយសាងសង់មន្ទីរពិសោធន៍ បំពាក់ឧបករណ៍ សម្ភារ ព្រមទាំងបណ្តុះបណ្តាលដល់មន្រ្តីជំនាញរបស់មន្ទីរពិសោធន៍ផលិតផលក្លែងក្លាយដែលមានទំហំទឹកប្រាក់ វិនិយោគចំនួន ១០លានដុល្លារអាមេរិកតាមរយៈរូបមន្ត BOT។
កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ រាជរដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ហើយគណៈកម្មាធិការនេះ ស្ថិតក្រោមក្រសួងមហាផ្ទៃ។
គណៈកម្មាធិការនេះ គឺមានភារកិច្ចចំនួន៦ ចំណុចក្នុងការសហការស្រាវជ្រាវ ស៊ើបអង្កេត អប់រំផ្សព្វផ្សាយ បណ្តុះបណ្តាល និងចាត់វិធានការជុំវិញផលប៉ះពាល់ដែលបណ្តាលមកពីការនាំចូល ការផលិត ការស្តុកទុក និងចែកចាយទំនិញក្លែងក្លាយនៅកម្ពុជា៕
អត្ថបទ៖ សាង តេជៈ រូបភាព៖ ក្រសួងមហាផ្ទៃ