សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងស្រ្តីទី១កម្ពុជាជួបសំណេះសំណាលជាមួយបងប្អូន សហគមន៍ខ្មែររស់នៅកូរ៉េ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នាទីក្រុងសេអ៊ូល។
ចំពោះមុខបងប្អូនសហគមន៍ខ្មែរប្រមាណជាង២ពាន់នាក់ក្នុងពិធីនោះ សម្តេច ហ៊ុន ម៉ាណែត បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជូនដល់ពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ សិក្សារៀនសូត្រ និងធ្វើការនៅកូរ៉េ។
សម្តេចថ្លែងថា ជំនួបសំណេះសំណាលនាពេលនេះ បង្ហាញពីសាមគ្គីភាពក្នុងស្មារតីជាខ្មែរ ដែលតែងតែស្កាត់រកគ្នា។ ហើយសម្តេចបានថ្លែងអំណរគុណដល់មន្ត្រីទូតនៅកូរ៉េ ដែលបានប្រឹងប្រែងបំពេញការងារផ្តល់សេវាផ្សេងៗជូនពលរដ្ឋខ្មែរនៅកូរ៉េ។
ទន្ទឹមនឹងនេះ សម្តេច ហ៊ុន ម៉ាណែទ បានថ្លែងថា រាល់ជំនួបជាមួយថ្នាក់ដឹកនាំកូរ៉េ សុទ្ធតែបានសរសើរពីការប្រឹងប្រែងរបស់ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅកូរ៉េ។ សម្តេចគូសបញ្ជាក់ថា ឥរិយាបថល្អរបស់ខ្មែរនៅកូរ៉េ គឺជាការលើកកម្ពស់កិត្តិយស និងកិត្តិនាមរបស់ខ្មែរ ដែលជារឿងដ៏រីករាយ និងរំភើបបំផុត។
បន្ថែមទៀតនោះ សម្តេចនាយករដ្ឋមន្រ្តីបានរំលេចឲ្យដឹងថា ជោគជ័យធំនៃដំណើរទស្សនកិច្ចរបស់សម្តេចនៅកូរ៉េនាពេលនេះ គឺការលើកកម្ពស់កម្រិតទំនាក់ទំនង ពីទំនាក់ទំនងធម្មតា ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។ សម្តេចថ្លែងថា «ភាពជាដៃគូយុទ្ធសាស្ត្រ» នឹងធ្វើឱ្យទំនាក់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ កាន់តែស៊ីជម្រៅលើគ្រប់វិស័យ ហើយហុចផលកាន់តែច្រើន៕
អត្ថបទ៖ សាង តេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចនាយករដ្ឋមន្រ្តី