នាថ្ងៃសុក្រ ទី១៧ ខែឧសភានេះ សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានរៀបចំសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ១៩” ជូនសមាជិក សមាជិការបស់ FASMEC នៅខេត្តកំពង់ធំ។
ក្នុងវគ្គសិក្ខាសាលានេះ មានការចូលរួមបើកកម្មវិធីដោយលោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ និងឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC។
គោលបំណងនៃកម្មវិធីសិក្ខាសាលានេះ ដើម្បីចែករំលែកអំពីខ្សែសង្វាក់ទីផ្សារក្នុងស្រុក និងការនាំចេញ និង ផ្សព្វផ្សាយច្បាប់ថ្មីស្ដីពីការវិនិយោគនៅកម្ពុជាដល់ប្រជាជន ព្រមទាំងជួយបំពេញបន្ថែមនូវចំណេះដឹងដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងខេត្តដែលនៅមានចំណុចខ្វះខាត។
វគ្គសិក្ខាសាលានេះ ក៏មានការសហការឧបត្ថម្ភនានាពីសមាគមមូលនិធិសម្តេចតេជោ SME, សហគ្រិនខ្មែរ, ធនាគារ ហ្វីលីព, ធនាគារ កាណាឌីយ៉ា,ធនាគារ វីង ម.ក, ធនាគារ សហគ្រាសធុនតូច និងមធ្យម ព្រមទាំងដៃគូសហការផ្សេងៗទៀត ដោយមានSMEចូលរួមចំនួន ១៨០នាក់៕
អត្ថបទ៖ សហការ