ក្នុងដំណើរទស្សនកិច្ចនៅកាន់ប្រទេសកូរ៉េរយៈពេល ៤ថ្ងៃ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីកូរ៉េ លោក យូន ស៊ុកយ៉ល (YOON Suk Yeol) នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ព្រមទាំងមានពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ៦លើពហុវិស័យ។
បន្ទាប់ពីបញ្ចប់ជំនួបទ្វេភាគីមេដឹកនាំនៃប្រទេសទាំងពីរបានចូលរួមជាអធិបតីពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ៦ ដូចជា៖ ១. ពិធីសារស្ដីពីវិសោធនកម្មក្របខ័ណ្ឌគម្រោងរវាងកូរ៉េ និងកម្ពុជា លើហរិញ្ញប្បទាន ស្តីពីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៦ ។
២. អនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ ។ ៣. អនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រសួងពាណិជ្ជកម្មកម្ពុជា និងអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា ។
៤. លិខិតបង្ហាញឆន្ទៈ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ស្តីពី ការគ្រប់គ្រងគ្រឿងញៀនរវាងអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា និងរដ្ឋបាលគយកូរ៉េ ។ ៥. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកម្មវិធីអភិវឌ្ឍន៍ជំនាញ និងទេពកោសល្យវិជ្ជាជីវៈ រវាងកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ។ ៦. កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងកែលម្អផ្លូវជនបទ ជំហានទី៤ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារនីហ័រណ- អាហ័រណកូរ៉េ។
អត្ថបទ៖ សាង តេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតីនាយករដ្ឋមន្រ្តិ