កម្ពុជាបានអះអាងជាថ្មីថា មិនអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពបរទេសលើទឹកដីរបស់ខ្លួនជាដាច់ខាត ហើយក៏មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធារបស់ខ្លួននៅក្រៅប្រទេសផងដែរ។
ក្នុងពិធីបើកសមយុទ្ធ«នាគមាសឆ្នាំ២០២៤» ដែលធ្វើឡើងរវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន នាថ្ងៃទី១៦ ខែឧសភានេះ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតនៅខេត្តកំពង់ឆ្នាំង នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៥៣ បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយ អព្យាក្រឹត្យ អចិន្រ្តៃយ៍ មិនចូលបក្សសម្ព័ន្ធ និងរួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសទាំងអស់នៅលើពិភពលោក។
លោកបញ្ជាក់ថា«កម្ពុជា មិនឈ្លានពាន និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រ ទេសដទៃ ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ កម្ពុជាប្រឆាំង ដាច់ចាតការជ្រៀតជ្រែកពីបរទេស ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួនទោះបីក្រោមរូបភាពណាក៏ដោយ។ កម្ពុ ជាមិនចងសម្ព័ន្ធយោធាណាមួយ ដែលមិនស្របនឹងអព្យាក្រឹត្យភាពរបស់ខ្លួនឡើយ កម្ពុជាមិនអនុញ្ញាតឲ្យ មានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាខ្លួននៅ បរទេសដែរលើកលែងតែក្នុងក្របខ័ណ្ឌ នៃសំណូមពររបស់អង្គការសហប្រជាជាតិ»។
ទន្ទឹមនឹងនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ក្នុងនាមរដ្ឋធិបតេយ្យមួយ កម្ពុជារក្សាសិទ្ធិទទួលយកជំនួយបរទេសជាសម្ភារៈយោធា អាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺនកម្លាំងប្រដាប់អាវុធ និងជំនួយផ្សេងៗ ដើម្បីការពារខ្លួន និងធានាសណ្តាប់ធ្នាប់ សន្តិសុខសាធារណៈនៅផ្ទៃក្នុងប្រទេស។
លោកបន្ថែមថា កម្ពុជាស្រលាញ់សន្តិភាព កម្ពុជាមិនត្រូវការសង្រ្គាមនោះទេ បទពិសោធន៍ និងមេរៀនដ៏ជូរចត់ដែលកម្ពុជាធ្លាប់ឆ្លងកាត់ពីផលវិបាកនៃសង្រ្គាម ធ្វើឲ្យកម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្តិភាព ហើយកម្ពុជាចាត់ទុកសន្តិភាពជាឬសគល់នៃឯកភាពជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ៕
អត្ថបទ៖ សាង តេជៈ រូបភាព៖ ក្រសួងការពារជាតិ